មន្ត្រី​ខណ្ឌដង្កោ​ទៅណា​អស់ហើយ ទុក​ឲ្យ​ទឹក​ភក់ជ្រាំ ដក់​តាម​ចិញ្ចើមផ្លូវ​ទៅ​បឹង​ជើងឯក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 August, 2018 ក+ ក-

​ភ្នំពេញ ៖ កំណាត់​ផ្លូវ​២១៧ ចាប់ពី​ខាងមុខ​សាលាខណ្ឌ​ដង្កោ រហូតដល់ ត្រង់ចំណុច​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ ស្ថានភាព​ដងផ្លូវ ចិញ្ចើម​សងខាង ពិបាក​ភ្នែក​មើល ដោយសារ ចិញ្ចើមផ្លូវ​ពេញ​ដោយ កាកសំណល់​ដី ទឹក​ដក់ ខណៈដែល​ដងផ្លូវ​ខាងលើ ឆ្លងកាត់​ដោយ​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ ដំណើរ​ចេញ ចូល​សារមន្ទីរ​ជើងឯក បាត់បង់​អស់​សោ​ភ័​ណ្ឌ​ភាព បរិស្ថាន​ដងផ្លូវ ពេល​រាំងស្ងួត ដី​ហុយ ពេល​មេឃ​ភ្លៀង ទឹក​ដក់ ភក់ល្បាប់ ជាប់​តាម​ដងផ្លូវ ។​

​តាម​ប្រជាពលរដ្ឋ មាន​លើកឡើងថា អ្វីដែល​មិន​នឹកស្មាន​ដល់ ស្លាក​ប៉ាណូ​មួយ​ផ្ទាំង​ដាក់​នៅ​ពី​ខាងមុខ​សាលាខណ្ឌ​ដង្កោ ដែលមាន​សំណេរ ខណ្ឌដង្កោ «​ជ័យលាភី​ទីក្រុង​ស្អាត​» ក្នុង​រយៈពេល​ចន្លោះ​ឆ្នាំ​២០១៥-២០១៨ ប​ច្ច​ប្បន្ន​នេះ ក៏ប៉ុន្តែ​បើ​ពិនិត្យ សង្កេត​ជាក់ស្តែង នៅតាម​បណ្តោយ​ផ្លូវ មុខ​សាលាខណ្ឌ ដែលមាន​ដាក់​បង្ហាញ ពី​ស្នាដៃ ជ័យលាភី ទីក្រុង​ស្អាត​របស់​ខណ្ឌដង្កោ​ផ្ទាល់ ពិបាក​ភ្នែក​មើល ក៏​ដោយសារ​អាជ្ញាធរ​ដូចជា​លែង​ខ្វល់​ជាមួយ​បរិស្ថាន​ដងផ្លូវ​២១៧​ទៅហើយ បណ្តោយ​ឲ្យ នៅតាម​ចិញ្ចើម នៃ​ដងផ្លូវ ពោរពេញ​ទៅដោយ កាកសំណល់​ដី ដែល​ធ្លាក់​ពី​ក្រុម​រថយន្ត ដឹក​ដី ដឹក​ខ្សាច់ កំពុប រាល់ថ្ងៃ ស្រប​ពេលដែល​រដូវ​ភ្លើង​ធ្លាក់​ផង​នោះ សំណល់​កំណ​កដី ក្លាយទៅជា​ភក់ ទឹក​ដក់ បាត់ទៅហើយ ។​

​ពលរដ្ឋ​បន្តទៀតថា ជាងនេះទៅទៀត ដងផ្លូវ​២១៧ មិន​ខុស​ណា​ពី​ដងផ្លូវ ធំៗ​ក្នុង​រាជធានី​ភ្នំពេញ​ដែរ ដោយសារ ក្នុង​ខណ្ឌដង្កោ មាន​មជ្ឈមណ្ឌល​ប្រល័យពូ់ជសាសន៍​ជើងឯក ដែល​ស្ថិតនៅ​ក្នុងភូមិ​រលួស សង្កាត់​ជើងឯក រាល់ថ្ងៃ​ទៅហើយ ដែល​ភ្លៀវ​ជាតិ និង​អន្តរជាតិ លោក​ធ្វើដំណើរ ឆ្លងកាត់ ចេញចូល ទស្សនា ។​

​ដោយ​ដងផ្លូវ​ខាងលើ ពេញ​ដោយ សំណល់​កំណ​កដី ទឹក​ដក់ បង្ក​ផលប៉ះពាល់ ដល់​បរិស្ថាន និង​សោ​ភ័​ណ្ឌ​ភាព​ដងផ្លូវ អ្វី​ទៅ​ដើម្បី​ឲ្យ​ស័ក្តិសម​ទៅនឹង​ស្លាក​ប៉ាណូ ដែល​បានដាក់​បង្ហាញ ខណ្ឌដង្កោ ទីក្រុង​ស្អាត​នោះ មេត្តា​សូម​ឲ្យ​អាជ្ញាធរ ជួយ​ពិនិត្យ ស្ថានភាព​ដងផ្លូវ​ខាងលើ ៕