តុលា​ការបន្ត​នីតិវិធី​សំណុំរឿង​ថ្មី​មួយទៀត​របស់លោក គឹម សុខ អ្នកវិភាគ​បញ្ហា​សង្គម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 August, 2018 ក+ ក-

តុលា​ការបន្ត​នីតិវិធី​សំណុំរឿង​ថ្មី​មួយទៀត​របស់លោក គឹម សុខ អ្នកវិភាគ​បញ្ហា​សង្គម​
​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨​នេះ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​បើក​ការសាកសួរ​លើ​សំណុំរឿង​មួយ​ថ្មី​ទៀត​របស់ លោក គឹម សុខ អ្នកតាមដាន​នយោបាយ និង​វិភាគ​សង្គម បន្ទាប់ពី​បាន​ពិនិត្យមើល​លើ​ការអនុវត្ត​ទោស​កន្លងមក ដែល​ចោទប្រកាន់​លើ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​សំណុំរឿង​ទី​១ ជិត​គ្រប់​ចំនួន​កំណត់​។​

​លោក គឹម សុខ ត្រូវបាន​ប្តឹង​ចំនួន​២​ករណី​ដោយ​លោក គី តិច មេធាវី​ការពារ​ក្តី​សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់ពី​លោក​បាន​ចោទប្រកាន់​ទៅលើ​រាជរដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ​។ ក្នុង​សំណុំរឿង​ទី​១ លោក គឹម សុខ បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​អ្នក​នៅ​ពីក្រោយ​នៃ​ឃាតកម្ម​បាញ់សម្លាប់ លោក​បណ្ឌិត កែម ឡី​។ ចំណែក​សំណុំរឿង​ទី​២​គឺ​លោក គឹម សុខ បាន​ចោទ​រាជរដ្ឋាភិបាល​កម្ពុ​ជា​ថា ជា​អ្នកបង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស​តែ​រក​ឃាតករ​មិនឃើញ​។​

​នៅក្នុង​សំណុំរឿង​ទី​១​កន្លងមកនេះ កាលពី​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ប្ញ​ទ្ធី បានសម្រេច​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ចំនួន​១៨​ខែ និង​ពិន័យ​ប្រាក់​ចំនួន​៨​លាន​រៀល រួម​នឹង​ប្រាក់​សងជំងឺចិត្ត​ដល់​ដើមបណ្តឹង​៨០០​លាន​រៀល បន្ទាប់ពី​លោក​ត្រូវបាន​ឃុំខ្លួន កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

​លោក សៀង សុខ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កាន់​សំណុំរឿង​ថ្មី​នេះ បានបញ្ជាក់​ឱ្យដឹងថា សម្រាប់​សំណុំរឿង​ទី​១ របស់ លោក គឹម សុខ តុលាការ​នឹង​អនុវត្ត​ទៅតាម​នីតិវិធី​បន្ទាប់ពី​លោក​អនុវត្ត​ទោស​បាន​គ្រប់​ចំនួន​។ លោក សៀង សុខ បាន​បញ្ជាក់ថា សម្រាប់​សំណុំរឿង​ទី​២​នេះ តុលាការ​កំពុង​ធ្វើតាម​នីតិវិធី​សាកសួរ ហើយនឹង​សាកសួរ​នៅពេល​ក្រោយ​ទៀត​។​

​គួរ​បញ្ជាក់ថា ទណ្ឌិត គឹម សុខ នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨​នេះ ត្រូវបាន​ពន្ធនាគារ​នាំខ្លួន​មកកាន់ សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​នៅ​អយ្យការ និង​ពិនិត្យ​លើ​ការអនុវត្ត​ទោស​របស់លោក​ក្នុង​ពន្ធ​គារ ដើម្បី​ពិចារណា​ថា តើ​ត្រូវ​ដោះលែង ឬ​បន្ត​ឃុំខ្លួន​ទៀត​។
​រហូតមកដល់​ពេលនេះ ក្នុង​សំណុំរឿង​ទី​១ លោក គឹម សុខ បាន​អនុវត្ត​ទោស​ជិត​ដល់​ចំនួន​១៨​ខែ​ហើយ​នៅ​ខ្វះ​តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។​
លោក គឹម សុខ កំពុង​ប្រឈម​នឹង​សំណុំរឿង​ថ្មី​មួយទៀត ដែល​លោក​បាន​ចោទប្រកាន់​តាំងពី​មុន​ឃុំខ្លួន​៕