ខេត្តកោះកុង ជា​ម្ចាស់ផ្ទះ​រៀបចំ​បុណ្យ​សមុទ្រ​ជុំ​ទី​២ ពីថ្ងៃ​ទី​១៤-១៦ ខែធ្នូ ឆ្នាំ​២០១៨
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2018 ក+ ក-

ភ្នំពេញ ៖ ឆ្នាំ​២០១៨​នេះ គឺជា​ឆ្នាំ​ទី​៧ នៃ​ការរៀបចំ​បុណ្យ​សមុទ្រ ដែល​ខេត្តកោះកុង​ជា​អ្នក​ទទួលភារៈ​ក្នុង​ការរៀបចំ​ពិធីបុណ្យ​នេះ​ក្នុង​ជុំ​ទី​២ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ១៤-១៦ ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ​។​

ពាក់ព័ន្ធ​ទៅនឹង​ពិធីបុណ្យ​សមុទ្រ​នេះ​ក្រសួងទេសចរណ៍​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខេត្តកោះកុង រៀបចំ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ និង​រៀបចំ​កញ្ចប់​ទស្សនកិច្ច​នៅ​ខេត្ត ដោយ​ភ្ជាប់​គោលដៅ​ទេសចរណ៍ ជាមួយ​សហគមន៍​អេកូ​ទេសចរណ៍​។ ពិសេស​ត្រូវ​រៀបចំ​ឲ្យ​មាន​ឆ្នេរ​ខ្សាច់​មួយ ដើម្បី​ជា​ផលិតផល​ទេសចរណ៍​ថ្មី​សម្រាប់​ខេត្ត​។

​ពង្រឹងគុណភាព​ឧស្សាហកម្ម និង​សេវាកម្ម​ទេសចរណ៍ ពិសេស​សេវា​ស្នាក់នៅ ម្ហូបអាហារ ដឹកជញ្ជូន និង​រមណីយដ្ឋាន​ទេសចរណ៍​។ សំខាន់​ត្រូវ​ជម្រុញ​ចលនា​ប្រឡងប្រណាំង ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ​។ ការរៀបចំ​កែលំអ និង​លើកកម្ពស់​សោ​ភណ្ឌ​ភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ចរាចរណ៍ អនាម័យ បរិស្ថាន​ស្អាត និង​ការតុបតែង​លំអ​នៅ​ទីក្រុង និង​តាម​ទីប្រជុំជន​នានា ពិសេស​ការ​បំផុស​ចលនា​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម និង​រៀបចំ​ទទួល​ទេសចរ​។​ការត្រៀម​សម្រួល​ដល់​ការធ្វើដំណើរ និង​ការ​ស្នាក់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ថៃ នៅ​ខាង​ទឹកដី​ថៃ និង​ទឹកដី​កម្ពុជា តាមរយៈ​ការបង្កើន​ទំនាក់ទំនង និង​កិច្ចសហការ​ដ៏​ល្អ​រវាង​កម្ពុជា​-​ថៃ​។​

​ការត្រៀម​រៀបចំ​កម្មវិធី និង​ព្រឹត្តិការណ៍​នានា​ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ពិធីបុណ្យ​សមុទ្រ មានដូចជា ការសម្តែង​សិល្បៈ​វប្បធម៌ ការ​ហែរ​ក្បួនព្យុហយាត្រា ការប្រកួត​កីឡា​លើទឹក លើគោក លើ​អាកាស ការតាំងពិព័រណ៍​ផលិតផល និង​ម្ហូបអាហារ ការដាំ​ដើមឈើ ។​ល​។​ព្រមទាំង​រៀបចំ​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ​ដើម្បី​សម្របសម្រួល និង​ដំណើរ​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ និង​សហការ​ជាមួយ​ក្រុមការងារ​ថ្នាក់​ខេត្ត​ជាដើម​៕​