ជំរឿន​ស្ថិតិ​ពលរដ្ឋ​ឆ្នាំ​២០១៩ នឹង​ប្រើប្រាស់​ថវិកាជាតិ​ជាង​៨​លាន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2018 ក+ ក-

​ភ្នំពេញ ៖ ជំរឿន​ប្រជាពលរដ្ឋ​នៅ​កម្ពុជា ឆ្នាំ​២០១៩ នឹង​ប្រើប្រាស់​ថវិកាជាតិ​ចំនួន​ជាង ៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក ស្រប​ពេលដែល​ដៃគូ​អភិវឌ្ឍន៍ នៅ​មិនទាន់​បញ្ជាក់​ពី​ការជួយ​ជា​ថវិកា​នៅឡើយ​នោះ លើកលែងតែ​អង្គការ UNFPA មួយ​ប៉ុណ្ណោះ ដែល​បាន​ជួយ​លើ​ជំនាញ​បច្ចេកទេស និង​ថវិកា​ក្នុង​កម្រិត​ទៅតាម​លទ្ធភាព​។ នេះ​បើតាម​ការអះអាង​បញ្ជាក់​ពី​រដ្ឋមន្ដ្រី​ក្រសួងផែនកា​រ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ AKP បាន​ឲ្យ​ដឹងថា ក្នុង​កិច្ចប្រជុំ​លើក​ទី​២ នៃ​គណៈកម្មាធិការ​ជាតិ​ជំរឿន​ទូទៅ​ប្រជាពលរដ្ឋ​ឆ្នាំ​២០១៩ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ លោក​ទេសរដ្ឋមន្ដ្រី ឆាយ ថន រដ្ឋមន្ដ្រី​ក្រសួងផែនកា​រ បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បានកំណត់​ការ ជំរឿន នៅ​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៩ ដែលមាន​រយៈពេល​ជិត​មួយឆ្នាំ​ទើប រួចរាល់​នៃ​ការធ្វើជំរឿន​នេះ​។

​លោក​បញ្ជាក់ថា ការធ្វើជំរឿន​ទូទៅ​ប្រជាពលរដ្ឋ​នៅ​កម្ពុជា ឆ្នាំ​២០១៩ នឹង​ប្រើប្រាស់​ថវិកាជាតិ​ស្ទើរតែ​ទាំងស្រុង​ចំនួន​ជាង​៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ សម្រាប់​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ នៅ​មិនទាន់​បញ្ជាក់​អំពី​ការជួយ​នៅឡើយ ដោយ​ការ​ផ្ដល់ជំនួយ​ក្នុង​ការធ្វើជំរឿន​នេះ​គឺ​មានតែ​អង្គការ UNFPA មួយ​ប៉ុណ្ណោះ ដែល​បាន​ជួយ​លើ​ជំនាញ​បច្ចេកទេស និង​ថវិកា​ក្នុង​កម្រិត​ទៅតាម​លទ្ធភាព​។

​លោក​បន្ថែមទៀតថា ការធ្វើជំរឿន​ទូទៅ​ប្រជាពលរដ្ឋ​នៅ​កម្ពុជា ឆ្នាំ​២០១៩ វា​អាច​នឹង​ជួប​បញ្ហា​ប៉ះពាល់​ប​ន្ដិ​បន្ដួច ដោយសារ​ខ្វះ​ថវិកា ដើម្បី​ប្រើ​ធនធានមនុស្ស​ផងដែរ​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​គ្រោង​ប្រើ​ធនធានមនុស្ស​ចំនួន​ជាង​៤​ម៉ឺន​នាក់ ក្នុង​ការធ្វើជំរឿន ទូទៅ​ប្រជាពលរដ្ឋ​នៅ​កម្ពុជា ឆ្នាំ​២០១៩​នេះ​។

​សូមបញ្ជាក់ថា ការធ្វើជំរឿន​ទូទៅ​ប្រជាពលរដ្ឋ​នៅ​កម្ពុ​ជាមាន​ចំនួន​កើន​ក្នុង​មួយ ឆ្នាំមាន​ចំនួន ១,៦​ភាគរយ ដោយ​កាលពី​ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ​ចំនួន​ជាង​១៣​លាន​នាក់ និង​ឆ្នាំ​២០១៨ មាន​ចំនួន​ជាង​១៦​លាន​នាក់ ដែល​តាម​ការប៉ាន់ស្មាន​ប្រជាពលរដ្ឋ នឹង​កើនឡើង​ប្រហែល​១៦​លាន​នាក់​ផងដែរ​៕​