ពលរដ្ឋ​១២៩​គ្រួសារ​នៅ​ស្រុក​ឯក​ភ្នំ​ទ​ទូល​ អំណោយ ពី​សាខា​កាកបាទក្រហម​ខេត្ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2018 ក+ ក-

​បាត់ដំបង ៖ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៤ ខែសីហា ឆ្នាំ ២០១៨ លោក​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា ដឹកនាំ​សមាជិក សមាជិកា គណៈកម្មាធិការ ក្រុម​ប្រតិបត្តិ​សាខា អនុសាខា​ស្រុក​ឯក​ភ្នំ ចុះសាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​និង​រដ្ឋបាលខេត្ត ចែកជូន​ដល់​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ចំនួន ១២៩​គ្រួសារ មកពី​ឃុំ​ចំនួន​៤​គឺ​ឃុំ​ព្រែក​ហ្លូ​ង​ចំនួន​៤៤​គ្រួសា​េ​ឃុំ​ព្រែក​ខ្ពប​ចំនួន​២០​គ្រួសារ​និង​ឃុំ​ព្រែក​នរិន្ទ ចំនួន​៤៥​គ្រួសារ​ស្រុក​ឯក​ភ្នំ​និង​ឃុំ​ព្រៃ​ខ្ពស់​ស្រុក​ប​វេ​ល​ចំនួន​២០​គ្រួសារ​ក្នុង​ខេត្តបាត់ដំបង​។​

​ក្នុងឱកាស​នោះដែរ លោក​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំ​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​ឯកឧត្តម​ងួន​រតនៈ​ប្រធានកិត្តិយស​សាខា​ជាពិសេស សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក ទីទ័លក្រ មាន​ជំងឺ ជន​ងាយ​រងគ្រោះ ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ និង​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឲ្យ​បានល្អ សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ មាន​អនាម័យ​ក្នុងការ​រស់នៅ ផឹកទឹក​ឆ្អឹ​ន ត្រូវ​ប្រកាន់​ភ្ជាប់​នូវ ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត និង​ខិតខំ​ប្រឹងប្រែង​ប្រកបមុខរបរ​បង្ក​រប​ង្កើ​ន​ផល ដាំ​ដំណាំ​រួមផ្សំ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ឲ្យ​បាន​ប្រសើរឡើង​។ បន្ថែម​ពីនេះ លោក​ប្រធាន បាន​មានមតិ​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ហូប​ទឹកស្អាត ទឹក​ដាំ​ពុះ ត្រូវ​ប្រុងប្រយ័ត្ន​ការពារ​ពស់​ចឹក និង​ជាពិសេស​សូម​យកចិត្តទុកដាក់​ដល់​កុមារ​តូចៗ កុំអោយ​ទៅលេង​ក្បែរ​មាត់ទឹក ពេល​មាន​ជំនន់​។​

​អំណោយ​ចែកជូន​រួមមាន​អង្ក​២៥​គ​.​ក មី​១​កេស​,​ទឹកក្រូច​១​កេស​,​ទឹកបរិសុទ្ធ​វី​ឃែ​រ​១​កេស ភួយ​១,​សារុង​១ ក្រមា​១​។​​ថ្លែង​ក្នុងឱកាស​នោះ លោក​បណ្ឌិត​បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ទាំងអស់​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ជា​គ្រឿងឧបភោគ​បរិភោគ​តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ៕ សុផល​