ស្ត្រី​ចិន​ដែល​បើករថយន្ត​បំ​បុក​ចោរឆក់​ទូរស័ព្ទ​ស្លាប់ ប្រឈម​ជាប់ពន្ធនាគារ​ពី​៩ ទៅ​២០​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 August, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃទី​១៦ ខែសីហា នេះ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ស្ត្រីជន​ជាតិចិន​ម្នាក់​ដែល​បើករថយន្ត​បំ​បុក​បណ្តាលឱ្យ​ចោរឆក់​ទូរស័ព្ទ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់ ជា​ផ្លូវការ​ហើយ ។​

​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពុំ​អាច​ទំនាក់ទំនង​សុំ​ការបញ្ជាក់​បានទេ ដោយសារ​លោក​ជាប់​បេសកកម្ម​នៅក្រៅ​ប្រទេស ។​

​ប៉ុន្តែ​ប្រភពព័ត៌មាន​គួរឱ្យ​ទុកចិត្តបាន បង្ហើប​ប្រាប់ថា កញ្ញា វ៉ា សក្តា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ស្ត្រីជន​ជាតិចិន​រូបនេះ​ចំនួន​៣​បទល្មើស គឺ បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរ​ណ​ភាព​នៃ​ជនរងគ្រោះ តាម​មាត្រា​២១៨ និង មាត្រា​២២៤​នៃ​ក្រមព្រហ្មទណ្ឌ និង បទ​បើកបរ​គ្មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ តាម​មាត្រា​៧៥​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ។​
​ប្រភពព័ត៌មាន បញ្ជាក់ទៀតថា បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​និង​សំណុំរឿង ត្រូវបាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​នៅ​ដំណាក់កាល​នេះ ចៅក្រម​ស៊ើបសួរ​នឹង​សម្រេច​ឃុំខ្លួន​ឬ​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ​រូបនេះ​។​
​បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល ។​

​បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរ​ណ​ភាព​នៃ​ជនរងគ្រោះ តាម​មាត្រា​២២៤​នៃ​ក្រមព្រហ្មទណ្ឌ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​៧​ឆ្នាំទៅ​១៥​ឆ្នាំ ។​

​ដោយឡែក​បទល្មើស​បើកបរ​គ្មាន​ប័ណ្ណបើកបរ កំណត់​ការពិន័យ​ជា​ប្រាក់​ពី​១០​ម៉ឺន​រៀល​ទៅ​៨០​ម៉ឺន​រៀល​។​
​រឿងក្តី​នេះ លោក​បណ្ឌិត​សុខ ទូច ក៏​បញ្ចេញមតិ​ផងដែរ ។ ក្នុងឋានៈ​ជា​ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា លោក សុខ ទូច បញ្ជាក់ថា “​វា​គួរតែ​នាំ​ប៉ូលីស ឬ​អាជ្ញាធរ ដែល​ពាក់ព័ន្ធ​ទៅ​តុលាការ​ដែរ ព្រោះ​គ្មាន​សមត្ថភាព​រក្សា​សន្តិសុខ​ជូន​ដល់​ប្រជាជន​ស្លូតត្រង់​”​។​

​លោក​សុខ ទូច បន្តថា បើ​ខ្ញុំ​ក៏​ធ្វើបែបនេះ​ដែរ ព្រោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ចំពោះ​ក្រុម​នេះ​ច្រើនណាស់​។ គួរ​ត្រូវ​ផ្ដល់​មេដាយ​ដល់​ស្ត្រី​នេះ បើសិន​រឿងនេះ​ជាការ​ពិត​។ យើង​ដឹងថា ធ្វើបែបនេះ​ជា​ទោសឧក្រិដ្ឋ តែ​ក្រុម​នេះ​សាហាវ​ណាស់​។ គួរតែបង្កើត​ច្បាប់​ដោយឡែក​ទៅលើ​ជន​បែបនេះ​។​
​គួរ​បញ្ជាក់ថា ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃអាទិត្យ​ទី​១២ ខែសីហា នៅ​ចំណុច​ផ្លូវ​លេខ​១២៣ កែង​ផ្លូវ​លេខ​៤៥៦ មុខផ្ទះ​លេខ​៥៤ ក្រុម​២២ ភូមិ​៤ សង្កាត់​ទួល ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​ស្ត្រីជន​ជាតិចិន​មានឈ្មោះ ថា​ង យៀន ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​ចំណែក​ចោរឆក់​ទូរស័ព្ទ​ដែល​ស្លាប់​មានឈ្មោះ បេ សុភា​ដេវីត ភេទ​ប្រុស អាយុ​២៤ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៣២A ផ្លូវ​លេខ​២៨០ ក្រុម ៤៣ ភូមិ ៥ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន និង​អ្នករបួសធ្ងន់​ឈ្មោះ សារុន ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៨ ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ ២៥០ ផ្លូវ​លេខ​៤៦០ ក្រុម​២២ ភូមិ​៤ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ៕