កូន​ថៅកែ​កាប់​ជ្រូក​ដែល​ភ្ជង់​រំ​ដោះយក​រថយន្ដ Lexus 570 ជាប់ចោទ​៣​បទល្មើស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 August, 2018 ក+ ក-

​ភ្នំពេញ ៖ អ្នកបើករថយន្ដ Lexus 570 ពាក់​ស្លាក​លេខ​រដ្ឋ នៅក្នុង​សំណុំរឿង​បំផ្លិច បំផ្លាញ ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ទៅ​ភ្ជង់​អ្នកបើករថយន្ដ​ស្ទួ​ច ត្រូវបាន​ព្រះរាជអាជ្ញារង អម សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បញ្ចប់​ការសួរនាំ​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ ២០១៨ នេះ ដោយ​សម្រេច​ចោទប្រកាន់​ចំនួន​៣​បទល្មើស ខណៈដែល​បក្ខពួក​ម្នាក់​ទៀត ត្រូវ​ចោទ ប្រកាន់​មួយ​បទល្មើស​។​

ជនបង្ក​ជា​ម្ចាស់​រថយន្ដ Lexus 570 ឈ្មោះ ទ្រី ដា​រិ​ន ហៅ​ហ៊ា​ពៅៗ អតីត​ជា​អ្នករកស៊ី កាប់ ជ្រូក​ដ៏​ធំ​មួយ នៅ​ម្ដុំ​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ត្រូវបាន​ព្រះរាជអាជ្ញា​ចោទប្រកាន់​៣​បទល្មើស រួមមាន​៖ គំរាមកំហែង​ថា​នឹង​សម្លាប់ ដោយ​បញ្ជា​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ តាម​មាត្រា​២៣៤ នៃ ក្រមព្រហ្មទណ្ឌ​, កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត យោងតាម​មាត្រា​៤៩០ នៃ​ក្រមព្រហ្មទណ្ឌ និង​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​យានយន្ដ ដែលមាន​សញ្ញា​សម្គាល់ យោងតាម​មាត្រា​៦១៥ នៃ ក្រមព្រហ្មទណ្ឌ​។​ដោយឡែក បក្ខពួក​ម្នាក់ទៀត ឈ្មោះ ស្រ៊ុន ពិសិដ្ឋ ត្រូវបាន​ចោទប្រកាន់ មួយ​បទ ល្មើស គឺ​គំរាមកំហែង​ថា​នឹង​សម្លាប់ ដោយ​បញ្ជា​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ តាម​មាត្រា​២៣៤ នៃ ក្រមព្រហ្មទណ្ឌ​។ ក្រោយ​បញ្ចប់​ការចោទប្រកាន់​ជន​ត្រូវ​ចោទ​ទាំង​២​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់ អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​វិញ រង់ចាំ​ព្រឹកស្អែក​បញ្ជូន​ទៅមក​តុលាការ​ម្ដងទៀត ដើម្បី ឲ្យ ចៅក្រម​បើក​ការសួរនាំ និង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕