ចក្រភព​អង់គ្លេស ថា​នឹង​បន្ត​ជួយ​កម្ពុជា​លើ​ច្រើន​វិស័យ​ទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 August, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឪ្យ លោកជំទាវ Tina Susan Redshaw ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ថ្មី ប្រចាំ​កម្ពុជា ចូលជួប សំដែង​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​នា​ព្រឹក​ថ្ងៃទី ១៧ ខែសីហា​ឆ្នាំ ២០១៨​។ ក្នុង ជំនួប​នោះ លោកជំទាវ​អគ្គរាជទូត ថ្មី អង់គ្លេស បាន​អះអាងថា ចក្រភព​អង់គ្លេស​នឹង​នៅតែ​បន្ត​ជួយ កម្ពុជា​ក្នុង​វិស័យ​ពាណិជ្ជកម្ម បច្ចេកវិទ្យា និង​វិស័យ​ដោះមីន​បន្តទៀត​។

​លោកជំទាវ Tina Susan Redshaw ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ថ្មី​ប្រចាំ​កម្ពុជា បាន​ជម្រាបជូន​សម្ដេចនាយក​រដ្ឋមន្ត្រី​ថា លោកជំទាវ​នឹង​បន្ត​ផ្ដោត​ការយកចិត្តទុកដាក់ និង​ជួយ កម្ពុជា​ទៅលើ​បញ្ហា​បច្ចេកវិទ្យា​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ដោះមីន និង​បញ្ហា​លើកកម្ពស់ ស្ត្រី​នឹង បញ្ហា​អប់រំ​ផងដែរ​។ លោកជំទាវ​បាន​ប្តេជ្ញា​ថា ក្នុង​បេសកម្ម​កា​ទូត​នៅ​កម្ពុជា លោកជំទាវ​នឹង ធ្វើ​អ្វី គ្រប់ បែបយ៉ាង​ទាំងអស់​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​និង​ចក្រភព​អង់គ្លេស​។ នេះ​បើ តាម ឯ​.​ឧ អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ប្រាប់​អ្នកកាសែត នៅ ក្រោយ​ជំនួប​។

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ បាន​អរគុណ​ដល់​ចក្រភព​អង់គ្លេស​ក៏​និង ប្រជាជន​អង់គ្លេស ដែល​បាន​ជួយ​ដល់​កម្ពុជា ជាពិសេស​លើ​វិស័យ​អប់រំ​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ដែលជា កត្តា​សំខាន់​របស់​កម្ពុជា ពិសេស​ការជួយ​កម្ពុជា​លើ​វិស័យ​ដោះមីន​។ សម្ដេច​បាន​មានប្រសាសន៍ថា នៅ​កម្ពុ​ជាមាន​មជ្ឈមណ្ឌល​ដោះមីន​អាស៊ាន ហើយ​វា​មាន​វិសាលភាព​ធំ​ក្នុង​ការជួយ ដល់​បណ្ដា ប្រទេស​ក្នុង​តំបន់​ផង និង​ចូលរួមចំណែក​ក្នុង​ការងារ​អង្គការសហប្រជាជាតិ​ក្នុង​ការងារ​ដោះមីន​ផង ដូច្នេះ​គប្បី​ពិចារណា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យនេះ​។​

​ពាក់ព័ន្ធ​និង​ការលើកកម្ពស់​ស្ត្រី សម្ត​ច​តេ​ជោ បាន​ជម្រាបជូន​ថា​កម្ពុជា មាន​កូតា​សម្រាប់​ស្ត្រី ចាប់តាំងពី​ថ្នាក់ស្រុក ខេត្ត រហូតដល់​ជួរ​កងទ័ព នគរបាល និង​ជា​ស្ថាប័ន​ផ្សេងៗ​ដែរ​។ រាជ​រដ្ឋា ភិ​បាល ក៏បាន​យកចិត្ត​ដាក់​កសាង​សាលារៀន​នៅ​គ្រប់​ទីកន្លែង ដែល​ស្ត្រី​អាច​ចូលរៀន​បាន ព្រម​ជា មួយ​ការសាងសង់​អន្តេវាសិកដ្ឋាន​សម្រាប់​ស្ត្រី​ផង​។​

​ទន្ទឹង​នឹង​នោះ រាជរដ្ឋាភិបាល​ក៍​អនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​ដែល​ជួយ​ទៅដល់​ស្ត្រី ជាពិសេស​កម្ម​ការី​នី​កម្ពុជា​ពេល​មាន​ផ្ទៃពោះ ដោយ​អនុញ្ញាត​ឲ្យ​ឈប់សម្រាក បាន​៣​ខែ​ក្នុងពេល ឆ្លងទន្លេ និង​ទទួលបាន​ប្រាក់បៀវត្សរ៍ ១២០​ភាគរយ​នៅពេលដែល​ឆ្លងទន្លេ​៕