អតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក វ៉ាប៉ាយី ទទួលមរណភាព
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 August, 2018 ក+ ក-

ឥណ្ឌា ៖ អតីតនាយករដ្ឋមន្រ្តី លោក អាតាល់ ប៊ីហារី វ៉ាប៉ាយី Atal Bihari Vajpayee ដែល បានបញ្ជាឱ្យមានការសាកល្បងនុយក្លេអ៊ែរដើម្បីធ្វើឱ្យប្រទេសឥណ្ឌាជាមាហអំណាច នុយក្លេអ៊ែរ និងបានធ្វើដំណើរតាមរថយន្តក្រុងទៅប្រទេសប៉ាគីស្ថាន ក្នុងកាយវិការការទូត ដ៏អស្ចារ្យ បានទទួលមរណៈភាពក្នុងអាយុ 93 ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ នៅមន្ទីរពេទ្យដែលលោកកំពុងព្យាបាល។ ប្រជាជននៅតាមបណ្តារដ្ឋនិងក្រុងនានា នៃប្រទេសឥណ្ឌាបានធ្វើពិធីសាសនានិងការអធិស្ឋានសម្រាប់ការជាសះស្បើយឡើងវិញ សំរាប់លោក វ៉ាប៉ាយី Vajpayee បន្ទាប់ពីស្ថានភាពជម្ងឺរបស់លោក កាន់តែយ៉ាប់យ៉ឺន ។

រយៈពេលពេញមួយថ្ងៃ អ្នកនយោបាយឥណ្ឌាឆ្នើមៗ បានទៅមន្ទីរពេទ្យ ដែលរួមមាន ទាំងនាយករដ្ឋមន្ត្រី ឥណ្ឌា ណារិនត្រាម៉ូឌី Narendra Modi ផងដែរ។ លោក វ៉ាប៉ាយី Vajpayee គឺជាមេដឹកនាំដ៏មានប្រជាប្រិយបំផុតមួយនៃគណបក្ស បារ៉ាទីយ៉ា ចាណាតា ជាតិនិយមហ៊ីនឌូ ដែលកំពុងកាន់អំណាច នៃរបបលោកម៉ូឌី ។ គួបញ្ជាក់ថា លោក វ៉ាប៉ាយី បានបំរើការជា នាយករដ្ឋមន្ត្រីឥណ្ឌា ក្នុងឆ្នាំ១៩៩៦ និងម្តងទៀតនៅឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៤៕