រត់គេច​ទៅ​ថៃ​ត្រូវ​ចាប់ខ្លួន​មកវិញ​ ​ករណី​បាញ់សម្លាប់​អ្នកបើក​ឡាន​ដឹក​ទឹកកក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 August, 2018 ក+ ក-

​ប៉ោយប៉ែត ៖ ឃាតករ​ចំនួន ២ នាក់ ដែល​បាន​បាញ់សម្លាប់​បុរស​ម្នាក់​ក្នុង​រឿង​ស្នេហា​ត្រីកោណ​ត្រូវបាន​កំលាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​សហការ​ជាមួយ​ក្រុម​តម្រួត​ថៃ​តាម​ចាប់ខ្លួន​យកមក​វិញ​ដើម្បី​ប្រឈមមុខ​និង​ផ្លូវច្បាប់​បន្ទាប់ពី​​ជនសង្ស័យ​ទាំង ២ នាក់​នេះ​បាន​រត់គេចខ្លួន​ទៅសំងំ​នៅក្នុង​ប្រទេស​ថៃ ។​

​រយៈពេល​ប្រមាណ ៥ ថ្ងៃ​កន្លងទៅ​ថ្មីៗ​នេះ លោក​ស្នងការរង ជេ​ត វណ្ណ​នី បាន​ដឹកនាំ​កំលាំង​ក្នុងនោះ​ក៏មាន​លោក ឈឿង គឹម​សុង នាយរង​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ចុះ​សហការ​ជាមួយ​កំលាំង​តម្រួត​ថៃ​តាម​រុករក​មុខសញ្ញា​សង្ស័យ​ចំនួន​២​នាក់ ដែលជា​ឃាតករ​បាញ់សម្លាប់​បុរស​ម្នាក់​ដែលមាន​មុខរបរ​ជា​អ្នក​ដឹក​ទឹកកក​លក់ នៅ​ភូមិ​តា​ង៉ែ​ន​.​ឃុំ​តា​គ្រាម​.​ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

ការបាញ់សម្លាប់​ដោយ​គ្មាន​មូលហេតុ​នេះ​គឺ​ប្រភព​ជាច្រើន​បាន​សន្និដ្ឋានថា​អាចជា​រឿង​ស្នេហា​ត្រីកោណ ដោយសារតែ​ជនរងគ្រោះ​ទើបនឹង​រៀបការ​ថ្មោងថ្មី​ហើយ​ការបើក​រថយន្ត​មក​ឈប់​ពាំង​ពីមុខ​រថយន្ត​ដឹក​ទឹកកក​ដើម្បី​បាញ់សម្លាប់​នេះ​បាន​ប្រព្រឹត្តឡើង​នៅ​ចំណុច​វាល​អន្ទង់ ស ក្នុងភូមិ​ក្រពើ​ជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី ៥​ខែសីហា ឆ្នាំ​២០១៨ កន្លងទៅនេះ ។​

ក្រោយពី​ចាប់ខ្លួនបាន​គឺ​ភាគី​ថៃ បានធ្វើ​ការប្រគល់​ជនសង្ស័យ​ទាំង ២​នៅ​ចំណុច​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត នា​ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៨ ដែល​ដឹកនាំ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ ដោយ​ជនសង្ស័យ ទាំង ២ រូបនេះ គឺ​១-​ឈ្មោះ ប៊ុន ពន្លក ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​ជា​និស្សិត​ពេទ្យ ស្រុកកំណើត ភូមិ ត្រោក ឃុំ​ប្រ​ធាតុ​ស្រុក កំពង់​ត្របែង ខេត្ត ព្រៃវែង និង ២-​ឈ្មោះ ហួន វាសនា ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​ជាជាង​ជួសជុល​រថយន្ត ស្រុកកំណើត នៅ ភូមិ គ្រើល ឃុំ​អ​ន្សោ​ង ស្រុក កំពង់​ត្របែង ខេត្ត ព្រៃវែង ។

ពាក់ព័ន្ធ​នឹង​បទ​ឃាតកម្ម​​ដោយ​ចេតនា គិតទុក​ជាមុន នេះ ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​នៅ​ខេត្ត​ច័ន្ទ​បុរី កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដើម្បី​ធ្វើការ​បន្ត​តាម​នីតិវិធី​៕