ស្រុក​ចំនួន​១១​ក្នុង​ខេត្តព្រៃវែង កំពុង​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 August, 2018 ក+ ក-

ព្រៃវែង ៖ បើតាម​លោក ជុំ សុ​ភី ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តព្រៃវែង​បាន​ប្រាប់​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​ការ​ពី​រសៀល​ថ្ងៃទី​18 ខែសីហា ឆ្នាំ​2018 ថា​ស្ថានភាព​ទឹក​ព្រែ​កតា​តាំ​មុខ​សាលាខេត្ត​ថ្ងៃនេះ​ធ្លាក់ចុះ​នៅត្រឹម​6​ម៉ែត្រ​ចំណុច 63 សង់ទីម៉ែត្រ ខណៈដែល​កម្ពស់​ទឹក​កាលពី​ថ្ងៃទី​17 ខែសីហា ម្សិលមិញ បាន​ហក់​ឡើង​រហូតដល់​ទៅ​6​ម៉ែត្រ​ចុច​68​សង់ទីម៉ែត្រ​ក្រោម​កម្រិត​ទឹក​ដែល​ត្រូវ​ប្រកាសអាសន្ន​7​ម៉ែត្រ​ចុច​50​សង់ទីម៉ែត្រ​។

​បើ​យោងតាម​របាយការណ៍រ​បស់​អាជ្ញាធរខេត្ត​បង្ហាញថា គិត​មកដល់​ថ្ងៃទី​18​សីហា​នេះ​មាន​ពលរដ្ឋ​ចំនួន​៣.៣៨៦​គ្រួសារ​កំពុង​ខ្វះខាត​ស្បៀងអាហារ​ដោយសារ​ស្រូវ​លិច​ក្នុង​ទឹក​ចំនួន​២២២៣៥​ហិកតា​និង​ស្រូវ​រលួយ​ខូចខាត​ចំនួន​៣.២២៨​ហិកតា​។​

​របាយការណ៍​បានបញ្ជាក់​បន្ថែមថា ស្ថានភាព​ទឹកជំនន់​បាន​បង្ក​ឲ្យ​ប៉ះពាល់​ជន់​លិច​អស់​ចំនួន​១១​ក្រុង​-​ស្រុក (​ស្មើនឹង​៦៤​ឃុំ​.​សង្កាត់​មាន​ចំនួន​៣០៥​ភូមិ ក្នុងចំណោម​ក្រុង​-​ស្រុក​ទាំង​១៣​ទូទាំង​ខេត្តព្រៃវែង ហើយ​ក្រុង​-​ស្រុក​ដែល​លិច​ទឹក​រួមមាន ៖ ស្រុក​ពាម​រក៍​,​ស្រុក​ព្រះស្តេច​,​ស្រុក​ស៊ីធរ​កណ្តាល​,​ស្រុក​កំចាយមារ​,​ស្រុក​ពារាំង​,​ស្រុក​ពោធិ៍​រៀង​,​ស្រុក​កំពង់ត្របែក​,​ក្រុង​ព្រៃវែង​,​ស្រុក​បាភ្នំ​,​ស្រុក​ស្វាយ​អ​ន្ទ​រ និង​ស្រុក​ពាម​ជរ មាន​ប្រជាពលរដ្ឋ​រងគ្រោះ​សរុប​ចំនួន​២៧.៦៦៩​គ្រួសារ ក្នុងនោះ បងប្អូន​ឥស្លាម​៣៦​គ្រួសារ​,​បង្ក​ឲ្យ​លិច​ស្រូវ​សរុប ២២២៣៥​ហិកតា​,​ខូចខាត​ស្រូវ​ទាំងស្រុង​អស់​ចំនួន​៣.២២៨​ហិកតា​និង​ដំណាំ​ផ្សេងៗ​ចំនួន​១៧​ហិកតា​រួមជាមួយ​កូនឈើ​រាប់ម៉ឺន​ដើម​ទៀតផង​ដែរ​។​

​ក្នុងនោះ​ទឹក​លិច​ចូលដល់​ក្រោមផ្ទះ​សរុប​ចំនួន​១០.៧៥៥​គ្រួសារ​,​លិច​បរិវេណ​សាលារៀន​៤៩​សាលា​,​លិច​បរិវេណ​មណ្ឌល​សុខភាព​៣​កន្លែង​,​លិច​អណ្តូងទឹក​៧៧១​អណ្តូង​,​លិច​បង្គន់​៨៧៩​បង្គន់​,​លិច​វត្ត​អារាម​២​វត្ត​,​លិច​ផ្លូវ​ប្រវែង​២២៥.៦៩៨​ម៉ែត្រ​,​ខូចខាត​អស់​ប្រវែង​៣៤.៩៤៨​ម៉ែត្រ​,​ប៉ះពាល់​ទំនប់​ប្រឡាយ​ប្រវែង​១៧៧.៧០៤​ម៉ែត្រ​,​ខូចខាត​អស់​ប្រវែង​១.៦០៣​ម៉ែត្រ​,​ជម្លៀស​ពលរ​ដ្ធ​ទៅ​ទីទួល​សុ​វត្ថ​ភាព​បាន​ចំនួន​៣.០៧៩​គ្រួសារ​,​ជម្លៀស​សត្វពាហនៈ​បាន​ចំនួន​១.៧០៤​ក្បាល​និង​មាន​មនុស្ស​ស្លាប់​ចំនួន​4​នាក់​។​

​ប៉ុន្តែ​មានការ​យកចិត្តទុកដាក់​ពី​ក្រុមការងារ​គណៈកម្មការ​ក៍​ដូចជា​អាជ្ញាធរ​ខេត្តព្រៃវែង ដែល​ដឹកនាំ​ដោយ លោក ជា សុ​មេធី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ក្នុងនាម​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត​បាន​ពាំ​នាំយក​អំណោយ​ទៅ​ជួយ​រំលែក​ទុក្ខ​ដល់ផ្ទះ​របស់​ជនរងគ្រោះ​ទាំង​៤​គ្រួសារ​ភ្លាមៗ​ផងដែរ​។

​លោក​និង​ក្រុមការងារ​ក៍បាន​បន្ត​ជិះទូក​ពិនិត្យមើល​តាម​តំបន់​ទឹក​លិច​និង​បាន​ពាំ​នាំយក​អំណោយ​សង្គ្រោះបន្ទាន់​បើ​គិត​មកដល់ពេលនេះ​បូករួម​ជាមួយ​ទាំង​អំណោយ​ព្រះមហាក្សត្រ​មាន​អង្ក​,​ថវិកា​,​តង់​កៅស៊ូ កន្ទេល​,​មុង​,​ភួយ​,​ចានឆ្នាំង​.​ស្លាបព្រា និង​គ្រឿងឧបភោគ​បរិ​គោគ ចែកជូន​ជួយ​រំលែក​ទុក្ខ​របស់​ពលរ​ដ្ធ​បាន​ចំនួន​៧៧៥​គ្រួសារ​៕