អាជ្ញាធរ​ហាម​ដើរ​ប្រមូល «​ស្នាម​មេដៃ​មួយ​ដើម្បី​កោះត្រល់​» តាម​ទីសាធារណៈ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 August, 2018 ក+ ក-

​ភ្នំពេញ ៖ ប្រធាន​បក្ស​ខ្មែរ​ក្រោក កាលពី​រសៀល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨​នេះ បានប្រកាសថា «​យុទ្ធនាការ​ស្នាម​មេដៃ​មួយ​ដើម្បី​កោះត្រល់​» មិនអាច​ដំណើរការ​បានទេ ដោយសារ​រដ្ឋបាល​រាជ ធានី​ភ្នំពេញ បានចេញ​លិខិត​មួយច្បាប់ មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ខ្មែរ​ក្រោក ធ្វើ​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ នៅតាម​ទីសាធារណៈ​នោះឡើយ ដែល​អាជ្ញាធរ​អះអាងថា នាំ​ឲ្យ​ប៉ះ ពាល់​ដល់​សន្តិសុខ​ជាតិ​។​

​លិខិត​មួយច្បាប់​ដែល​ចេញ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ប្រាប់​ទៅ​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ពី​សំណើសុំ​គោលការណ៍ ប្រមូល​ស្នាម​មេដៃ​ប្រជា ពលរដ្ឋ ក្នុង​ការដាក់​ញត្តិ​ប្តឹង ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​សើរើ​ដែន​អធិបតេយ្យ​របស់​ជាតិ លើ​ការទាមទារ​កោះត្រល់​។​

​លិខិត​ដដែល បាន​បញ្ជាក់ថា យោងតាម​កំណត់ហេតុ​ប្រជុំ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប លោក​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ថា ចំពោះ​សំណើសុំ​គោលការណ៍ ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ ក្នុង​ការដាក់​ញត្តិ​ប្តឹងទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​សើរើ​ដែន​អធិបតេយ្យ​របស់​ជាតិ លើ​ការទាមទារ​កោះត្រល់ ចាប់ពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស ស្ថិតនៅ​ផ្ទះ​លេខ​១១ ផ្លូវ​លេខ​៣៥៣ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​អនុវត្ត ដូចជា មិន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្ម ភាព​ប្រមូល​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​នៅតាម​ទីសាធារណៈ មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ឧ​ប​ករណី​បំពង​សំឡេង ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​តាម​ទីសាធារណៈ ក្នុងករណី​មានការ​បង្កចលាចល ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អសន្តិសុខ​ជាតិ​បាត់បង់​សន្តិសុខ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ សា​ធារ ណៈ អាជ្ញា​ធរមាន​សិទ្ធិ​បញ្ឈប់​រាល់​សកម្មភាព​ទាំងនេះ​ភ្លាម​។​

ក្នុង​លិខិត​ដដែល​នេះ ក៏បាន​សង្កត់ធ្ងន់ថា ដើម្បី​ចៀសវាង​ប៉ះពាល់​ដល់​សុវត្ថិភាព សណ្តាប់ ធ្នាប់ និង​រៀប​រៀបរយ​សាធារណៈ រដ្ឋបាល​រាជធានី ស្នើ​លោក​ប្រធាន​សហការ​ឲ្យ​បានល្អ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ តាម​ស្មារតី​អង្គប្រជុំ កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ របស់​សាលា​រាជធានី​ភ្នំពេញ​៕