កិច្ច​ពិគ្រោះ​យោបល់​រវាង​បក្សនយោបាយ ជាមួយ​រដ្ឋាភិបាល បានចាប់ផ្តើម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 August, 2018 ក+ ក-

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​២១ ខែសីហា នេះ មាន​គណបក្សនយោបាយ​ចំនួន​១៦ បាន​ចូលរួម​ក្នុង​វេទិកា​ពិគ្រោះ​យោបល់ ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ រីឯ​គណបក្ស​៤​ទៀត បាន​ឆ្លើយតប​ថា នឹងមិន​ចូលរួម​វេទិកា​នេះ​ទេ​។ នេះ​បើតាម​លោក ឈឹម ផល​វរុន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​អ្នកនាំពាក្យ​រូបនេះ បាន​បញ្ជាក់ថា គណបក្ស​ទាំង​៤ ក្នុងចំណោម​គណបក្ស​ទាំង​១៩ ដែល​នឹងមិន​ចូលរួម​វេទិកា​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល នា​ព្រឹក​ថ្ងៃទី​២១ សីហា​នេះ រួមមាន​៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សម្ព័ន្ធ​ដើម​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​ឈប់​ក្រ (​គណបក្ស​៣​នេះ ឆ្លើយ​តាម​លិខិត​) និង​គណបក្ស​មាតុភូមិ​យើង (​ឆ្លើយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ )​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «​គម្រោង​បង្កើត “​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​” រវាង​រាជរដ្ឋាភិបាល និង​គណបក្សនយោបាយ​ទាំង​២០ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត បង្ហាញ​ឲ្យ​ឃើញថា យើង​រួបរួមគ្នា​ជា​កម្លាំង​ស្នូល​នៃ​សាមគ្គីភាព និង​ឯកភាព​ជាតិ​ពិតប្រាកដ តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ និង​ជាការ​ចូលរួម​ផ្តល់នូវ​មតិយោបល់​ច្រើន ដែល​នាំមក​នូវ​ផលប្រយោជន៍​វិជ្ជមាន​ល្អៗ​ច្រើន សម្រាប់​អភិវឌ្ឍន៍​ជាតិ​៕