ចោរប្លន់​ធនាគារ RHB ឥណ្ឌូ​ឆៃ​ណា ទាំង​កណ្តាលថ្ងៃត្រង់ នៅ​ខ​ណ្ខ​ចំកា​រមន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 August, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រុមចោរ​មួយក្រុម​មាន​គ្នា​ប្រហែល​៥​នាក់​ប្រដាប់​ដោយ​កាំភ្លើង​បាន​ដើរចូល​ទៅក្នុង​ធនាគារ RHB Indochina Bank (​អ អេ​ច ប៊ី ឥណ្ឌូ​ឆៃ​ណា​) ប្លន់​យកលុយ អស់​ប្រមាណ​ជា​១០​ម៉ឺន​ដុល្លារ បានសម្រេច ហើយ​នាំគ្នា ជិះ​ម៉ូតូ​គេចខ្លួនបាត់​ដោយ​សុ​វត្តិភាព ដោយ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នរណាម្នាក់​ឡើយ ហើយ​សមត្ថកិច្ច​ចម្រុះ​បាន ត្រឹមតែ​ចុះទៅពិនិត្យ​ប្រមូល​ភស្តុតាង​នៅ​កន្លែងកើតហេតុ​ប៉ុណ្ណោះ​។​

​អំពើ​ប្លន់​ដ៏​ព្រហើន​នេះ បានធ្វើ​ឡើង​នៅ​ម៉ោង​ប្រមាណ​ជា​១​ថ្ងៃត្រង់ ថ្ងៃទី​២៣ ខែសីហា​ឆ្នាំ​២០១៨ នៅក្នុង​ធនាគារ RHB ឥណ្ឌូ​ឆៃ​ណា ស្ថិត​នៅមុខ​សាលា​វ៉ាន់ដា តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេង​ទុង សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ​។​

​តាម​របាយការណ៍ ខ្មាន់កាំភ្លើង ដែល​ចូលទៅក្នុង​ធនាគារ​មាន​គ្នីគ្នា​ប្រមាណ​៥​នាក់ ស្លៀកពាក់​ស៊ីវិល ប្រដាប់​ដោយ កាំភ្លើងខ្លី​ជាច្រើន​ដើម ក្រោយពី​ប្រមូលបាន​លុយកាក់​មួយចំនួន​រួចមក ពួកគេ​បាននាំគ្នា​រត់ គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។

​យោងតាម​សន្តិសុខ​យាម​កា​ពារ​ធនាគារ RHB Indochina Bank (​អ អេ​ច ឥណ្ឌូ​ឆៃ​ណា​) បាន​ប្រាប់​សមត្ថកិច្ច ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ខណៈដែល​សន្តិសុខ​កំពុង​អង្គុយ​យាម​ជាធម្មតា នៅក្រោម​ឆ័​ត្រ នៅមុខ​ធនាគារ ក៏​ស្រាប់​តែមាន​ជនសង្ស័យ​ស្លៀកពាក់​ស៊ីវិល​បាន​ដើរ មក​ក្បែរ​សន្តិសុខ​រួច​ដក​កាំភ្លើងខ្លី ធ្វើ​សកម្មភាព​ភ្ជង់​គ្រៀក​សន្តិសុខ​ម្នាក់ និង​រុញ​នាំចូល​ទៅក្នុង​ធនាគារ ហើយ​បន្ត​ភ្ជង់​បុ​ក្គ​លិ​ក​ឲ្យ​ប្រមូល​លុយ​ឲ្យ​ពួកវា រួច​នាំគ្នា​រត់ចេញ​ឡើង​ជិះ​ម៉ូតូ​បក្ស​ពួកវា​ដែល​រង់ចាំ​នៅក្បែ​នោះ ជិះ​គេចខ្លួន​ចេញ​បាត់​ដោយ​សុវត្ថិភាព ។​

​ប្រភព​ដដែល​បន្តថា បន្ទាប់ពី​កើតហេតុ សន្តិសុខ និង​បុគ្គលិក​មួយចំនួន ត្រូវបាន​សមត្ថកិច្ច​នាំ​យកទៅ​ធ្វើការ​សាកសួរ​ភ្លាមៗ​ដែរ​។​
​ប្រភព​ដដែល​បន្តថា ករណី​ប្លន់​នេះ មិនបាន​បង្ក​ឲ្យ​បុគ្គលិក​ធនាគារ​រងរបួស​អ្វី​នោះទេ ប៉ុន្តែ​ទឹកប្រាក់​ប្រមាណ​ជា​១០​ម៉ឺន​ដុល្លារ ត្រូវបាន​រាយការណ៍​ថា ត្រូវ​ក្រុម​ជនល្មើស​ប្លន់​យកទៅ​បានសម្រេច​។

​ប៉ុន្តែ​ទោះបីជា​យ៉ាងណា ក៏​មិនទាន់មាន​ការបញ្ជាក់​ពី​តំណាង ធនាគារ​នៅឡើយ​ពី​ចំនួន​ការបាត់​លុយ​នោះ​នៅឡើយ​ទេ ខណៈ​នេះ កំលាំង​សមត្ថកិច្ច​មូលដ្ឋាន​ក្រុង និង​ក្រសួង មហាផ្ទៃ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ពិនិត្យ​និង ស្រាវជ្រាវ​វែកមុខ​រក​ក្រុម​ជនសង្ស័យ តាមរយៈ​បើក​មើល​កាំ​មេ​រ៉ា​សុ​វត្តិភាព នៅ​ទីតាំង​ធនាគារ RHB Indochina Bank (​អ អេ​ច ប៊ី ឥណ្ឌូ​ឆៃ​ណា​) ផ្ទាល់​តែម្តង​៕