ព្រះមហាក្សត្រ​បង្គាប់​ឲ្យ​លើកលែងទោស​លោក សួន សេរី​រដ្ឋា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 August, 2018 ក+ ក-

​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅ​ព្រលប់​ថ្ងៃទី ២៣ ខែសីហា នេះ បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ឲ្យ​លើកលែងទោស​លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដែល​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១០ លាន​រៀល​ពាក់ព័ន្ធ​ការប្រមាថ​ទៅដល់​ថ្នាក់ដឹកនាំ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ និង​ពីបទ​ញុះញង់​កុំ​ឲ្យ​យោធិន ស្តាប់បង្គាប់​មេដឹកនាំ ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ នេះ​បើ​យោងតាម​ដីកា​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សារព័ត៌មាន Fresh News បាន​បង្ហោះ​នៅ​យប់​ថ្ងៃនេះ​។​

​សូមបញ្ជាក់ថា លោក សួន សេរី​រដ្ឋា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​រសៀល​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៧ បន្ទាប់ពី​បាន​សរសេរ​បង្ហោះ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ដោយបាន​ធ្វើ​ការរិះគន់​ខ្លាំងៗ​ទៅលើ​ថ្នាក់ដឹកនាំ ជាពិសេស​ស្ថាប័ន​កងយោធពល​ខេមរភូមិន្ទ​ទាំងមូល នូវ​ព្រឹត្តិការណ៍​ប្រឈមមុខ​ដាក់គ្នា រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ឡាវ នៅ​ព្រំដែន​ខេត្តស្ទឹងត្រែង ហើយ​បានធ្វើឱ្យ​មានប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សំណាក់​មេបញ្ជាការ​កងទ័ព​ជាច្រើន​៕