តុលាការ​ដោះលែង​មន្ត្រី​យោធា នួន ប៉ូ ដែល​យក​កាំភ្លើង​វាយ​ក្បាល​អ្នកលក់​ប្រហិត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 August, 2018 ក+ ក-

​ភ្នំពេញ ៖ មន្ត្រី​យោធា​ឈ្មោះ នួន ប៉ូ ត្រូវបាន​តុលាការ រាជ ធានី​ភ្នំពេញ ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ហើយ បន្ទាប់ពី​ជាប់ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ ប៉េ​ហ្ស៊ី ត្រឹមតែ ១៣​ថ្ងៃ​រួចមក​។​។

​មជ្ឈដ្ឋាន​មួយចំនួន យល់ឃើញថា នេះ​ជាការ​សម្រេច​ដោយ​ឆន្ទានុសិទ្ធិ​របស់លោក​ចៅ​ក្រម រស់ ពិសិដ្ឋ ជា​អំណាច​ឯករាជ្យ​របស់​តុលាការ ។

​លោក អ៊ី រិន្ទ ប្រធាន​លេខាធិការដ្ឋាន​និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់ថា ពិតជា​មានការ​អនុញ្ញាត​ឱ្យ​ជន​ត្រូវ​ចោទ នួន ប៉ូ បាន​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន មែន ។ លោក អ៊ី រិន្ទ បញ្ជាក់ថា លោក​ចៅក្រម​រស់ ពិសិដ្ឋ បាន​ដោះលែង​តាំងពី​ថ្ងៃទី​២០ ខែសីហា មកម្ល៉េះ តែ​នីតិវិធី​នៅ​បន្ត​ដដែល ។

​គួរ​បញ្ជាក់ថា មន្ត្រី​យោធា នួន ប៉ូ ត្រូវបាន​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី ២​ឆ្នាំ ទៅ​៥​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល​ទៅ​១០​លាន​រៀល ។

គួរ​រំលឹក​ដែរ​ថា ជនសង្ស័យ​ឈ្មោះ នួន ប៉ូ ជា​មន្ត្រី​យោធា បាន​យក​កាំភ្លើង​ខ្លីម៉ាក​P08 ពី ក្នុង​ឡាន​របស់ខ្លួន វាយ​មកលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​បែកក្បាល​លើ​សៀតផ្កា​ខាងឆ្វេង ផ្តើមចេញ ពី​រឿង​គ្រោះថ្នាក់​ចរាចរណ៍​។ បន្ទាប់មក​សមត្ថកិច្ច​បាន​ចុះ​ដល់​ចំណុចកើតហេតុ ធ្វើការ​នាំខ្លួន​ជន សង្ស័យ​ឈ្មោះ នួន ប៉ូ យកមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​តែម្តង ៕