សហភាព​អឺរ៉ុប បន្ត​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​អឺរ៉ុប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 August, 2018 ក+ ក-

​ភ្នំពេញ ៖ និស្សិត និង បុគ្គលិក​សិក្សា​កម្ពុជា​ចំនួន ៨១​នាក់ បន្ថែមទៀត ទទួលបាន​អាហារ​រូបករណ៍ ពី​សហភាព​អឺរ៉ុប ទៅ​សិក្សា និង​ទៅ​បង្រៀន រយៈពេល​ពី​៥​ថ្ងៃ រហូត ដល់​១២​ខែ នៅ​សកលវិទ្យា ល័យ ចំនួន​១២ លើ​ទឹកដី​អឺរ៉ុប នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ថ្លែង​នៅក្នុង​ពិធី​ជួបប្រជុំ​ជាមួយ​ក្រុមនិស្សិត និង បុគ្គលិក​សិក្សា​កម្ពុជា ដើម្បី​ពិភាក្សា ពី​ការ បង្កើត​បណ្ដាញ​អតីត ជ័យលាភី​ដែល​ធ្លាប់​បានទទួល​ជំនួយ និង អាហារូបករណ៍ ពី​កម្មវិធី អ៊ី​រ៉ា​ស់ ស្មឹះ បូក​(Erasmus+) របស់​សហភាព​អឺរ៉ុប កាលពី​យប់​ល្ងាច​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០១៨ នេះ ឯកឧត្តម ច​ច អេ​ហ្គា ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បានអោយដឹងថា និស្សិត និង បុគ្គលិក​សិក្សា​កម្ពុជា ចំនួន ៨១​នាក់ បន្ថែមទៀត ទទួលបាន​អាហារ​រូបករណ៍​ពី​សហភាព​អឺរ៉ុប ទៅ សិក្សា និង​ទៅ​បង្រៀន រយៈពេល​ចាប់ពី​៥​ថ្ងៃ រហូតដល់​១២​ខែ នៅ​សកល​វិទ្យាល័យ​ចំនួន​១២ លើ ទឹកដី​អឺរ៉ុប នាពេល​ឆាប់ៗ​ខាងមុខនេះ ។

​ឯកឧត្តម ច​ច អេ​ដ​ហ្គា បាន​អោយដឹងទៀតថា និស្សិត និង​បុគ្គលិក​សិក្សា​កម្ពុជា ចំនួន ៨១ នាក់ ត្រូវបាន​ធ្វើការ​ដាក់ពាក្យ​ប្រលង តាមរយៈ​កម្មវិធី Erasmus និង កម្មវិធី Erasmus+ ដែល​កម្ម វិធី នេះ​បាន​ដំណើរការ​រយៈពេល​៣០​ឆ្នាំ មកហើយ ក្នុង​គោលបំណង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា វ័យក្មេង​ដទៃទៀត​អាច​ទទួលផល​ពី​កម្មវិធី​នេះ​។

​ឯកឧត្តម បាន​អោយដឹងទៀតថា Erasmus+ គឺជា​កម្មវិធី​របស់​ស​ហ​ភាព​អឺរ៉ុប ដែល​ផ្ដល់​ការ គាំទ្រ​ដល់​គម្រោង​នានា​រួមមាន ភាពជា​ដៃគូ ព្រឹត្តិការណ៍ និង​ការសិក្សា​ចល័ត ក្នុង​វិស័យ​អប់រំ ការ បណ្ដុះបណ្ដាល​យុវជន និង​កីឡា​។​នៅក្នុង​រយៈពេល​ជាង ៣០ ឆ្នាំ​ចុង​ក្រោយនេះ កម្មវិធី Erasmus Plus បានផ្ដល់​ឲ្យ​សិស្ស​និស្សិត ចំនួន ៩ លាន​នាក់ នៅ​ជុំវិញ​ពិភពលោក រួមទាំង​ប្រទេស​កម្ពុជា ផងដែរ នូវ​ឱកាស​សិក្សា​រៀនសូត្រ បណ្ដុះបណ្ដាល ឬ ទទួលបាន​ពិសោធន៍​នៅក្រៅ​ប្រទេស​។ នៅ​ចន្លោះ​ពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០០៧ កម្មវិធី Erasmus+ និង Erasmus Mundus ដែល ទទួលបាន​ថវិកា​ឧបត្ថម្ភ​ពី​សហភាព​អឺរ៉ុប​បានផ្ដល់​អាហារូបករណ៍​ដល់ និស្សិត និង​បុគ្គលិក​សិក្សា កម្ពុ​ជាជាង​៧០០ នាក់ ឱ្យធ្វើ​ការសិក្សា ឬ​ធ្វើ​បាឋកថា​នៅ​អឺរ៉ុប​។

​នៅ​ឆ្នាំនេះ ក្រោម​កម្មវិធី​ផ្លាស់ប្ដូរ​ក្រេ​ឌី​ត (​ការសិក្សា​ចល័ត​) Erasmus+ សហភាព​អឺរ៉ុប​បាន ឧបត្ថម្ភ​ថវិកា​ដល់​និស្សិត និង​បុគ្គលិក​សិក្សា​កម្ពុជា​ឱ្យទៅ​សិក្សា និង​បង្រៀន នៅតាម​សាកល វិទ្យា ល័យ​នាំមុខគេ​នានា​នៅ​អឺរ៉ុប ក្នុងប្រទេស ប៊ែ​ល​ហ្ស៊ិ​ក សាធារណរដ្ឋ​ឆែក ហ្វាំ​ង​ឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី អូ​ស៊ី​អា​នី ប៉ូឡូញ ព័រ​ទុយ​ហ្គា​ល់ រូ​ម៉ា​នី អេ​ស្ប៉ា​ញ និង ស៊ុយ​អ៊ែត​។

​កម្មវិធី​អាហារូបករណ៍​របស់​ស​ហ​ភាព​អឺរ៉ុប​ទាំងនេះ បំពេញបន្ថែម ដល់​ការគាំទ្រ​ដ៏​ច្រើន សន្ធឹកសន្ធាប់ ដែល​សហភាព​អឺរ៉ុប​ផ្តល់​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា​។​ជាមួយគ្នា​នោះ ឯកឧត្តម បណ្ឌិត សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើ​ការណែនាំ ដល់ និស្សិត និង​បុគ្គលិក​សិក្សា​កម្ពុជា​ទាំងអស់ ដែល​ត្រូវ​បានទទួល​អាហារូបករណ៍ របស់​សហភាព​អឺរ៉ុប នៅ​ឆ្នាំ នេះ ធ្វើយ៉ាងណា​ធ្វើការ​ខិតខំ​សិក្សា​រៀនសូត្រ ក្រេប​យកចំណេះ​ដឹង​ផ្សេងៗ អោយបាន​ច្រើន ដើម្បី ទុកជា​បទពិសោធន៍​ទៅ​ថ្ងៃ​អនាគត​របស់ខ្លួន ក៏ដូចជា​ការចូលរួម​ជួយ​លើកកម្ពស់​បន្ថែម ដល់​មុខ មាត់ ប្រទេសជាតិ និង​ទុកជា​ការចែករំលែក ដល់​យុវជន យុវនារី​កម្ពុជា ជំនាន់​ក្រោយៗ​ទៀតផង​ដែរ ៕