លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​ CNRP​ ត្រូវបាន​លើកលែងទោស ​(Video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 August, 2018 ក+ ក-

ភ្នំពេញ ៖ តាម​សំណើ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា លោក អ៊ុ សំអាន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​មរ​បនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​លើកលែងទោស នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ ។​

សូមជម្រាបថា​លោក អ៊ុ សំអាន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ (​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​) និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​តាម​អំណាច​សាលដីកា​លេខ ៥៤ ចុះ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ របស់​តុលាការ​កំពូល​។ ដីកា​របស់​តុលាការ​បាន​បញ្ជាក់ថា តាម​អំណាច​ព្រះរាជក្រឹត្យ​ខាងលើ ឈ្មោះ អ៊ុ សំអាន កើត​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​១៩៧៦ ត្រូវបាន​លើកលែងទោស គប្បី​ធ្វើការ​ដោះលែង​ឲ្យ​មាន​សេរីភាព វិញ​។​

​គួរ​បញ្ជាក់ថា លោក អ៊ុ សំអាន ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ខេត្តសៀមរាប កាលពី​យប់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦ បន្ទាប់ពី​លោក​ត្រឡប់​ពី​សហរដ្ឋអាមេរិក មកដល់​ប្រទេស​កម្ពុជា តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប ហើយ​ត្រូវបាន​តុលាការ​សម្រេច​ចេញ​ដីកា ចុះ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ (​លេខ​៥៤) ផ្តន្ទាទោស ដាក់ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤​លាន​រៀល ក្រោម​ការចោទប្រកាន់​ចំនួន ពីរ​បទល្មើស​គឺ​បទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ ឧក្រិដ្ឋ​ជាអាទិ៍ (​បង្ក​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​) និង​បទ​ញុះញង់​ឱ្យមាន​ការរើសអើង​ដែល​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ និង​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០១៥ រហូតដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦ តាមរយៈ​ការសរសេរ និង​អត្ថាធិប្បាយ ចោទប្រកាន់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​ផែនទី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​៕​។

ដោយឡែក​នៅវេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២៥ ខែសីហា នេះ នៅមុខ​ពន្ធនាគារ​ព្រៃ​ស​(​ម​១)​ពុំ​ឃើញ​មាន​វត្តមាន​សមាជិក​ប​ក្ស​ប្រឆាំង ក្រុមគ្រួសារ​រង់​ទទួល​រូបលោក​ឡើយ​។ ក្រោយពី​សមត្ថកិច្ច​រប​ស់​ពន្ធនាគារ​រៀបចំ​បំពេញបែបបទ​ឯកសារ​រួច លោក អ៊ុំ សំអាន ត្រូវបាន​ចាក់​ចេញពី​ពន្ធនាគារ​ព្រៃ​ស​(​ម​១) តាម​ច្រក​ទ្វារធំ​ខាងត្បូង​តាម​រថយន្ត​១​គ្រឿង​ម៉ាក​ធុន​ត្រា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AL-2758 ឆ្ពោះ​ដំណើរ​យ៉ាង​លឿន​ទៅកាន់​លំនៅដ្ឋាន​ដោយ​មិនបាន​ផ្តល់​បទ​សម្ភា​ស់ដ​ល់​អ្នកកាសែត​ណា​ម្នាក់​ឡើយ​៕​