បើកឡានធ្លាក់ស្ទឹងស្លាប់ នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 August, 2018 ក+ ក-

ពោធិ៍សាត់ ៖ បុរសម្នាក់សង្ស័យស្រវឹងធ្លាក់ភ្នែក បើករថយន្តបោះពួយយ៉ាងលឿន ធ្លាក់ស្ទឹងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈប្រជាពលរដ្ឋផ្អើលស្ទុះស្ទារព្យាយាមជួយសង្គ្រោះដែរ តែមិនអាចសង្គ្រោះបាន។

ហេតុការនេះបានកើតឡើង នៅម៉ោង ៤ និង៥០នាទីល្ងាច ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវក្រាលគ្រួសក្រហម ប្របមាត់ស្ទឹងកណ្តៀង ស្ថិតក្នុងភូមិកណ្តៀង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាអ្នកបើករថយន្ត មានឈ្មោះ ប៉ូច សោភា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិបឹងក្រាញ់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

មុនពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿងម៉ាកកាមរី ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2N-8401 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវក្រាលគ្រួសក្រហម ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ទំនងជាស្រវឹងផង បានបើកវេរចង្កូតធ្លាក់ចូលទឹកស្ទឹងកណ្តៀង។ ភ្លាមៗនោះ មានបងប្អូនប្រជាពលរដ្ឋ ដែលនៅជិតនោះជាច្រើននាក់ បានព្យាយាមជួយសង្គ្រោះដែរ តែជាអកុសល ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់នៅក្នុងរថយន្តបាត់ទៅហើយ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច បានប្រគល់សពជូនក្រុមគ្រួសារជនរងគ្រោះ ដើម្បីធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តរង់ចាំ ត្រូវបានស្ទូចយកចេញពីកន្លែងកើតហេតុ រង់ចាំដោះស្រាយនៅពេលក្រោយ៕