លោក គឹម សុខ ប្រឈម​បណ្តឹងទាមទារ​សំណង​៨០០​លាន​រៀល ករណី​ចាញ់ក្តី CPP
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 August, 2018 ក+ ក-

ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា តាម​ទារលុយ ៨០០​លាន​រៀល ពី​លោក គឹម សុខ អ្នកវិភាគ​សង្គម​ដែល​ចាញ់ក្តី​ក្នុង​សំណុំរឿង​ចោទប្រកាន់​« គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​ផែន ការសម្លាប់​លោក កែម ឡី​»​។

​សម្ដេចនាយក​រដ្ឋមន្ដ្រី បានលើកឡើង​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​ជួប​សំណេះ សំ​ណា​ល ជាមួយ​កម្មករ កម្មការិនី​ជាង ១​ម៉ឺន​៤​ពាន់​នាក់ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៩ ខែសីហា​នេះ​។

​សម្ដេច​តេ​ជោ បាន​លើកឡើងថា ការ​រួច​ទោស​នាពេល​ថ្មីៗ​កន្លងមកនេះ មាន ២​ប្រភេទ គឺ​ការ​រួច​ទោស​តាមរយៈ​ការស្នើសុំ​មក​សម្ដេចនាយក​រដ្ឋមន្ត្រី ដើម្បី​ទូលថ្វាយ​ព្រះមហាក្សត្រ​លើកលែងទោស គឺ​មិនចាំបាច់​បង់​សំណង​នោះទេ ប៉ុន្ដែ​អ្នក​រួច​ទោស​តាមរយៈ​ការ​ផុតរលត់​នៃ​ទោស ត្រូវ​បង់ប្រាក់​សំណង​នេះ​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា អ្នក​រួច​ទោស​តាមរយៈ​ការស្នើសុំ​មក​សម្ដេចនាយក​រដ្ឋមន្ត្រី ដើម្បី​ទូលថ្វាយ​ព្រះមហាក្សត្រ​លើកលែងទោស មានដូចជា​លោក អ៊ុ សំអាន លោក មា​ជ សុវណ្ណារ៉ា អ្នកស្រី ទេព វ​ន្នី និង​សកម្មជន​មួយចំនួនទៀត ចំណែក​លោក គឹម សុខ បាន​រួច​ទោស និង​ត្រូវបាន​ដោះ​លែងចេញ​ពន្ធនាគារ បន្ទាប់ពី​លោក​បាន​អនុវត្ត​ទោស​រយៈពេល ១​ឆ្នាំកន្លះ គិត​ត្រឹម​ថ្ងៃទី​១៧ ខែសីហា នេះ​ទៅតាម​កំណត់​ច្បាប់​។​

​សូមបញ្ជាក់ថា តុលាការ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ បានសម្រេច​ផ្តន្ទាទោស​លោក គឹម សុខ អ្នកវិភាគ​សង្គម ដាក់ពន្ធនាគារ​រយៈពេល ១៨​ខែ និង​ពិន័យ​ជា​ប្រាក់ ៨​លាន​រៀល​ចូល​ថវិការដ្ឋ និង​សងជំងឺចិត្ត ៨០០​លាន​រៀល ដល់​គណបក្ស​ប្រជាជន​កម្ពុជា ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ថា គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​ផែនការ​សម្លាប់​លោក កែម ឡី​៕​