លោក សួន សេរី​រដ្ឋា ថា ការលើកលែងទោស​រូប​លោក មិន​ពាក់ព័ន្ធ​នឹង​បរទេស​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2018 ក+ ក-

​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក​សួន សេរី​រដ្ឋា បាន​ប្រាប់​សាធារណៈជន ថា ការលើកលែងទោស​រូប​លោក​កាលពី​សប្ដាហ៍​មុននេះ មិន​ជាប់ទាក់ទង​នឹង​អង្គការ​អន្តរជាតិ ឬ​រដ្ឋាភិបាល​បរទេស​ណាមួយ​នោះឡើយ​។

​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក​សួន សេរី​រដ្ឋា បាន​សរសេរ​រៀបរាប់​ក្នុង​គណនី ហ្វេ​ស​ប៊ុ​ក​របស់លោក នា​ព្រឹក​ថ្ងៃទី​៣១ ខែសីហា​នេះ ថា រយៈពេល​១​ឆ្នាំ ១០​ថ្ងៃ ដែល​រូប​ជាប់ឃុំ​ឃាំង គ្មាន​អង្គការសិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ ណាមួយ​រវីរវល់​មក​សួរសុខទុក្ខ សួរនាំ​លើកទឹកចិត្ត​រូបលោក នោះទេ​។

​លោក​ថា សូម្បី​អង្គការ Licado ដែល​ចូលទៅក្នុង​ពន្ធនាគា​រៀងរាល់​អាទិត្យ យក​ថ្នាំពេទ្យ​ទៅ​ចែក និង​ដុក​ទ័​រ ទៅ​ជួយ​ពិនិត្យ​សុខភាព​នោះ ក៏​មិនដែល​ហៅ​រូបលោក​មកជួប​សួរ ជួយ​ពិនិត្យ​សុខភាព ឬ​ឲ្យ​ថ្នាំពេទ្យ​បាន​មួយ​គ្រាប់​ដែរ​។ ក្នុងនោះ​មានតែ​មន្ដ្រី​ស្ថានទូត​អាមេរិក​, មន្ដ្រី​កាកបាទក្រហម​អន្តរជាតិ ,​ក្រុម​ដុក​ទ័​រ​ពី​ស្ថានទូត​ថៃ​ប៉ុណ្ណោះ បានមក​ជួប​សួរ​សុខ​ទុក និង​ជួយ​ពិនិត្យ​សុខភាព​រូបលោក ហើយ ក្រៅ ពី​នោះ​មានតែ​ប្រពន្ធ​កូន​គ្រួសារ​របស់លោក ព្រមទាំង​មិត្តភក្តិ អ្នកគាំទ្រ​ប៉ុណ្ណោះ ដែល​បាន​ចូល ទៅ​ជួប​សួរសុខទុក្ខ​រូបលោក ដល់​ពន្ធនាគារ​។​

​លោក​សួន សេរី​រដ្ឋា បានបញ្ជាក់ ថា​”​ខ្ញុំ​ចង់​ប្រាប់​សាធារណៈជន​ថា ការលើកលែងទោស​ឲ្យ​ខ្ញុំ ទទួលបាន​សេរីភាព វា​គ្មាន​ទាក់ទង​នឹង​ពួក​អង្គការសិទ្ធិមនុស្ស​ណា ឬ​រដ្ឋាភិបាល​អន្តរជាតិ​ណា​ទេ ក្រៅ ពី​ក្រុមការងារ និង​ក្រុមគ្រួសារ​របស់ខ្ញុំ ដែល​ព្យាយាម​តាម​លទ្ធភាព​ជាក់ស្តែង​តាមផ្លូវ​តុលាការ និង​តាម ផ្លូវ​ដំណោះស្រាយ​នយោបាយ ក្នុង​ស្មារតី​ខ្មែរ​ជាតិ​សាសន៍​តែមួយ​។​ដូច្នោះ​សូម​សាធារណៈ កុំ​យល់ ច្រឡំ​”​។

​គួរ​រំលឹក ថា លោក​សួន សេរី​រដ្ឋា ត្រូវបាន​តុលាការ​សម្រេច ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១០ លាន រៀល កាលពី​រសៀល​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​ការប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​កម្ពុ​ជា ហើយ នៅ​យប់​ថ្ងៃ​២៣ ខែសីហា ឆ្នាំ​២០១៨ នេះ លោក សួន សេរី​រដ្ឋា ត្រូវបាន​ដោះលែង បន្ទាប់ពី​ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​ព្រះរាជទាន​ការលើកលែងទោស តាម​ការស្នើសុំ​របស់​ស​ម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​៕​