ចាប់ខ្លួន​បុរស​ថៃ​២​នាក់ នៅ​ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​ប្លន់​សម្លាប់​នៅ​ប្រទេស​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2018 ក+ ក-

​ខេត្តកំពង់ស្ពឺ ៖ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​សហការ​ជាមួយ​ប៉ូលីស​អន្តរជាតិ (Interpool) របស់​ថៃ បើក​ប្រតិបត្តិការ​រួមគ្នា ឈានទៅ​ចាប់ខ្លួន​ជនជាតិ​ថៃ​ពីរ​នាក់ ដែល​បានសម្លាប់​ស្ត្រី​ម្នាក់​ជា​ជនជាតិ​ថៃ​ដូចគ្នា​ប្លន់​យក​ទ្រព្យសម្បត្តិ នៅក្នុង​ប្រទេស​ថៃ​ហើយ​រត់​មក​សំងំ​លាក់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុ​ជាជាង​មួយខែ​មកហើយ​។​

​យោងតាម​សេចក្តីរាយការណ៍​ពី​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ នៅ​រសៀល​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា ជនជាតិ​ថៃ​ដែល​ចាប់ខ្លួនបាន​ចំនួន​២​នាក់​នេះ រួមមាន​ទី​១ ឈ្មោះ អាស សីហា ហៅ​កូ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង​ឈ្មោះ អា​នុ វ៉ា​ត់ ហៅ​ចឹក អាយុ​៣២​ឆ្នាំ​។​ប្រភព​ដដែល​បាន​បន្តទៀតថា​
​ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅផ្ទះ​ជួល​ក្នុង ភូមិ​បឹង​ប្រស្រែ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ហើយ​សមត្ថកិច្ច​ចម្រុះ បាន​ដកហូត​បាន​ម៉ូតូ​ចំនួន​២​គ្រឿង​ផងដែរ​។​

​បើតាម​ប្រភព​មួយទៀត​បាន​និយាយ​អោយដឹងថា​បានជា​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​ជនជាតិ​ថៃ​ទាំង​០២​នាក់​នេះ ដោយ​កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ បុរស​ខាងលើ​បានធ្វើ​សកម្មភាព​ប្លន់​សម្លាប់​ស្ត្រី​ម្នាក់​ជា​ជនជាតិ​ថៃ​ដូចគ្នា​យក​ទ្រព្យសម្បត្តិ និង​ជា​អ្នកជំនួញ​ធំ​ប្រចាំ​ប្រទេស​ថៃ មានឈ្មោះ ហៃ​ស៊ូ​ឈើ​រី អាយុ​ជាង​៥០​ឆ្នាំ​ហើយ ក្រុម​ជនសង្ស័យ​បាន​រត់គេចខ្លួន​ចូលមក​ស​ង្ងំ​លាក់ខ្លួន​ក្នុងភូមិ ឃុំ ស្រុក ខាងលើ​។​បន្ទាប់ពី​ធ្វើការ​ស្រាយ​ជ្រាវ​យ៉ាង​យកចិត្តទុកដាក់​នោះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​បង្ក្រាបបាន​ហើយ​។​

​បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ រួមជាមួយ​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​រៀបចំ​ឯកសារ​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​ប៉ូលីស​ថៃ ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕