តុលាការ​ផ្តន្ទាទោស អ្នក​ផលិត​ឯកសារ​ភាពយន្ត​ដាក់ពន្ធនាគារ​៦​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 September, 2018 ក+ ក-

​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨ បានសម្រេច​ផ្តន្ទាទោស​បុរស​ជនជាតិ​អូស្ត្រាលី ឈ្មោះ James Ricketson អ្នក​ផលិត​ឯកសារ​ភាពយន្ត​ដាក់ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ ដែល​បង្ហោះ​ដ្រូ​ន​ក្នុង​រាជធានី​ភ្នំពេញ ពីបទ “​ចារកម្ម​”​។​

​ការសម្រេច​នេះ គឺ​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ជំនុំជម្រះ អស់​រយៈពេល ៧​ថ្ងៃ​រួចមក​។​

​សូមជម្រាបថា លោក James Ricketson វ័យ​៦៩​ឆ្នាំ ជា​ផលិតករ​ភាពយន្ត និង​ជា​អ្នកកាសែត​ជនជាតិ​អូស្ដ្រាលី ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៧ ក្រោយពី​លោក​បាន​បង្ហោះ​ដ្រូ​ន (Drone) ថត​យក​រូបភាព នៃ​ការហែក្បួន​ឃោសនា​នយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​
​លោក​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ រយៈពេល​ជិត​១៥​ខែ​មកហើយ នៅ​ពន្ធនាគារ​ព្រៃ ស ដោយ​ត្រូវបាន​ចោទប្រកាន់​ពីបទ “​ប្រមូលផ្ដុំ​ព័ត៌មាន​ជាអាទិ៍ ដែល​អាចធ្វើឱ្យ​អន្តរាយ​ដល់​ការ​ការពារជាតិ​” តាម​បញ្ញត្តិ​មាត្រា ៤៤៦ និង​មាត្រា ៤៣៩ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕