ទឹកទន្លេ​មេគង្គ អ្នក​លឿង បន្ត​ហក់​ឡើង​ជិត​កម្រិត​ប្រកាសអាសន្ន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 September, 2018 ក+ ក-

​ព្រៃវែង ៖ ស្ថានភាព​ទឹកទន្លេ​មេគង្គ ខេត្តព្រៃវែង បាន​បន្ដ​ហក់​ឡើងជា​លំដាប់ ធ្វើ​ឲ្យ​កម្រិត​ទឹកទន្លេ មេគង្គ​-​អ្នក​លឿង មាន​កម្ពស់​៧,៤៨​ម៉ែត្រ ខណៈ​កម្រិត​ទឹក​ដែល​ត្រូវ​ប្រកាសអាសន្ន​ត្រឹម​កម្ពស់ ៧,៥០​ម៉ែត្រ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្ដរាយ ខេត្ដ ព្រៃវែង នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៨ ។​

​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​ជា​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្ដរាយ ខេត្ដ ព្រៃវែង បានចេញ​សេចក្តីជូនដំណឹង ដោយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ទឹកជំនន់​កំពុង​កើនឡើង ដល់​កម្រិត​កម្ពស់​ដែល​បង្ក​គ្រោះ ថ្នាក់​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ ជាពិសេស​ប្រជាពលរដ្ឋ​នៅតាម​ដង​ទន្លេ និង​មាត់​ព្រែក​។​

​ក្នុង​សេចក្ដីជូនដំណឹង​ដដែល ក៏បាន​ណែនាំ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច កម្លាំង​គ្រប់ផ្នែក ទាំង អស់​ក្នុង​មូលដ្ឋាន ត្រូវយក​អស់​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​អនុវត្ត​នូវ​ផែនការ​ត្រៀម​បម្រុង​សម្រាប់ ឆ្លើយតប​គ្រោះអាសន្ន ដោយ​ចាត់​កម្លាំង​សរុប និង​មធ្យោបាយ​សម្រាប់​អន្ដរាគមន៍​សង្គ្រោះ ប្រជា ពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព ក្នុងករណី​ដែល​ទឹកជំនន់​អា​ចប​ន្ហ​ក់​ឡើង​យាយី​ដល់​ប្រជាពលរដ្ឋ​៕​