ព័ត៌មាន​សំខាន់ៗ ប្រចាំ​សប្តាហ៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 September, 2018 ក+ ក-

​សម្តេច​ប្រធានព្រឹទ្ធសភា ទទួល​ជួប​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន
​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨ នៅ​វិមាន​ព្រឹទ្ធសភា បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ នៃ​ ​អន្តរជាតិ នៃ​គណៈ​ក​ម្មា ធិ​ការ​មជ្ឈិមបក្ស​កុ​ម្នុ​យ​នី​ស្ត​ចិន ចូលជួប​សម្តែង​ការគួរសម ក្នុងឱកាស​ដែល​ឯកឧត្តម​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន​សម្តែង នូវ​សេច ក្តី រីករាយ និង​ស្វា​គម​ចំពោះ​ដំណើរ​ទស្សនកិច្ច នេះ ដោយបាន​ចាត់ទុកថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ ពិតជា​បាន​នាំមក​នូវ​ការពង្រឹង​ពង្រីក​នូវ​ចំណងមិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​៕

សម្តេច​តេ​ជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​គណៈមេធាវី កម្ពុជា  ភ្នំពេញ ៖ នៅ​វិមាន​សន្តិភាព​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែសីហា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួប​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ដឹកនាំ​ដោយ លោក សួន វិសាល​។ ក្នុងឱកាស​នោះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​របាយការណ៍​ដែល​បានលើកឡើង​ដោយ​លោក សួន វិសាល ហើយក៏​បានធ្វើ​ការណែនាំ​នូវ​រាល់​ការកែទម្រង់​ទាំងឡាយ ដែល​គណៈ មេធាវី នឹងធ្វើ គឺត្រូវធ្វើ​ឲ្យ​ស្របតាម​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ផង និង​តាម​និយាម​អន្តរជាតិ​ផង​។ សម្តេច​តេ​ជោ​ក៏បាន​ណែនាំ​ដល់​គណៈមេធាវី ផងដែរ​ថា សូម​ពិនិត្យមើល​ការបញ្ចេញ​មេធាវី ដោយ​ធ្វើយ៉ាងណា ការបញ្ជូន​មេ ធា​វី នេះ គឺ​រក្សា​ឲ្យ​បាន​នូវ​សមត្ថភាព​មេធាវី និង​ធ្វើយ៉ាងណា​ឲ្យ​ការពង្រាយ​មេធាវី ដើម្បី​ជួយ​ដល់​កូនក្តី​នៅតាម​បណ្ដា​ខេត្ត និង​ជនបទ​មាន​ប្រសិទ្ធភាព​៕

​កម្ពុជា -​រុស្ស៊ី បាន​ឯកភាពគ្នា​៥​ចំណុច លើ​គម្រោង​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​
​ភ្នំពេញ ៖ កម្ពុជា -​រុស្ស៊ី បាន​ឯកភាពគ្នា​៥​ចំណុច លើ​ការសាងសង់​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ នៅ​កម្ពុជា​។ ភាគី​ទាំងពីរ​នេះ បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នេះ កាលពី​ឆ្នាំ​២០១៦​។ ទាក់ទង​បញ្ហា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ រវាង​កម្ពុជា រុស្ស៊ី គឺ​ក្នុង​គោលដៅ​ប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ក្នុងប្រទេស​កម្ពុជា​ប៉ុណ្ណោះ ពោលគឺ​មិនមាន​គោលបំណង​ធ្វើ​ឲ្យ​មាន​ការរីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ ដែល​បង្ក​ឲ្យ​ពិភពលោក​មាន ការ​ឆោឡោ និង​ព្រួយបារម្ភ​នោះឡើយ​៕

កម្ពុជា ឥណ្ឌា ព​ន្លឿ​ន​ការហោះហើរ​ត្រង់ ដើម្បី​បង្កើន​ទេសចរណ៍​
​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​លោកជំទាវ​ស៊ុ​ស​ម៉ា ស្វា​រ៉ា​ច នៅ​វិមាន​សន្តិភាព នៅ​រសៀល​ថ្ងៃទី​២៩ សីហា​នេះ​។ ភាគី ទាំងពីរ បាន​ឯកភាពគ្នា​បានបញ្ជាក់​ពី​បំណង​ក្នុងការ​ជម្រុញ​ការហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កម្ពុជា និង​ពី​កម្ពុជា​ទៅ ឥណ្ឌា ដើម្បី​បង្កើន​ទេសចរ​នៃ​ប្រទេស​ទាំងពីរ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការស្វាគមន៍ លើ​កិច្ច ពិភាក្សា​អំពី​ការហោះហើរ​ត្រង់​ដែល​នឹង​អាច​ផ្តល់​ផលប្រយោជន៍​នៃ​ប្រទេស​ទាំងពីរ​។ ក្នុងឱកាស​នោះ លោកជំទាវ រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា បាន​សម្តែង​នូវ​ការអបអរសាទរ ចំពោះ​លទ្ធផល​បោះឆ្នោត​របស់​ក​ម្ពុ​ជា នាពេល កន្លងទៅ ថ្មីៗ ដោយ​ឥណ្ឌា បាន​បញ្ជូន​អ្នកសង្កេតការណ៍​បោះឆ្នោត​ជាច្រើន​នាក់​មកកាន់​កម្ពុជា ហើយ​បានឃើញ​នូវ​ដំណើរ ការបោះឆ្នោត​មួយ ដែលមាន​ភាពសេរី យុត្តិធម៌ និង​គ្មាន​អំពើ​ហឹ​ង្សា​៕

កម្មករ​រោងចក្រ សហគ្រាស នឹង​បើក​ប្រាក់ខែ ២​សប្តាហ៍​ម្តង ចាប់ពី​ឆ្នាំ​២០១៩ តទៅ

​ភ្នំពេញ ៖ សម្ដេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ម្ចាស់​រោងចក្រ​-​សហគ្រាស​ទាំងអស់ ត្រូវ​ត្រៀមខ្លួន​ដើម្បី​បើកប្រាក់​បៀវត្ស​ឲ្យ​កម្មករ ២​ដង​ក្នុង​មួយខែ ចាប់ពី​ឆ្នាំ​២០១៩ តទៅ​។​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ ខណៈ​សម្តេច​ចុះ​ជួប​សំណេះសំណាល ជាមួយ​កម្មករ កម្មការិនី​សរុប​ជាង ១​ម៉ឺន​៤ ពាន់​នាក់​ទៀត មកពី​រោងចក្រ សហគ្រាស​ចំនួន​៦ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ ខែ សីហា ឆ្នាំ​២០១៨ ។ គួរ​ជម្រាប​ថា បច្ចុប្បន្ន​រាជធានី​ភ្នំពេញ មាន​រោងចក្រ សហគ្រាស គ្រឹះស្ថាន​សរុប​ចំនួន ៤.៤៥៣ មាន​កម្មករ និយោជិត​ចំនួន​ជាង​៧៧​ម៉ឺន ២​ពាន់​នាក់ មាន​ប្រាក់​ឈ្នួល​សរុប​ជាង ១.៨៥៥​លាន​ដុល្លារ ក្នុង មួយឆ្នាំ​។ ក្នុងនោះ​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​មាន​ចំនួន​ជាង ៩៧៩​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​៕

ឥណ្ឌា នឹង​បន្ត​ការអភិរក្ស និង​ជួសជុល​ប្រាសាទ​របស់​កម្ពុជា​ចំនួន ២
​ភ្នំពេញ ៖ រដ្ឋាភិបាល​ឥណ្ឌា​បាន​សន្យា នឹង​បន្ត​កិច្ចការ​អភិរក្ស និង​ជួសជុល​ប្រាសាទតាព្រហ្ម និង​ប្រាសាទព្រះវិហារ នៅក្នុង​ក្របខណ្ឌ ICC ព្រះវិហារ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី ស៊ុ​ស​ម៉ា ស្វា​រ៉ា​ច រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ឥណ្ឌា នៅក្នុង​ការជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ការ​បរ ទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងការបរទេស​។ រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា បាន​បញ្ជាក់ថា ឥណ្ឌា​នឹង​ផ្តល់​បន្ថែម​សម្រាប់​អាហារូបករណ៍​ឧ​ត្ត​មសិ​ក្សា និង​ក្រោម​ឧ​ត្ត​មសិ​ក្សា​។ ឥណ្ឌា ក៏បាន​ឯកភាព និង​ផ្តល់​ការបណ្តុះបណ្តាល​បន្ថែម​សម្រាប់​ផ្នែក​សារមន្ទីរ និង​ត្រៀម​ជួយ​លើ​គម្រោង​អភិវឌ្ឍន៍​តូចៗ​តាម​ភូមិដូចជា​វិស័យ​សុខាភិបាល បរិស្ថាន កសិកម្ម​ជាដើម​៕

កម្ពុជា នឹង​បញ្ជូន​សិក្ខាកាម​៤០​រូប ទៅ​រៀន​ជំនាញ​ដោះមីន​ពី​កងទ័ព​ចិន​
​ភ្នំពេញ ៖ នា​ដើមខែ​កញ្ញា ខាងមុខនេះ កម្ពុជា​នឹង​បញ្ជូន​មន្ត្រី​ចំនួន ៤០​រូប ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី ហ្វឹកហ្វឺន​ជំនាញ​បោសសម្អាត​មីន ចាប់ពី​ថ្ងៃទី​៣ ខែកញ្ញា ដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ណា​ជីន ប្រទេស​ចិន​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​នៅក្នុង​ពិធី​សំណេះសំណាល​របស់​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​នាយ​ឧត្ដមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​២ អាជ្ញាធរ​មីន និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​។ ពាក់ព័ន្ធ​នឹង​ការបញ្ជូន​សិក្ខាកាម​ទៅ​ប្រទេស​ចិន​លើក​នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន បានផ្ដល់​ជូន​នូវ​ថវិកា​ឧបត្ថម្ភ​ដល់សិក្ខាកាម​ទាំង​៤០​រូប ក្នុង​ម្នាក់ៗ​ចំនួន ១០០​ដុល្លារ ផងដែរ​៕

CDC អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ចំនួន​៤ សរុប​ទុនវិនិយោគ​ជិត​៦០០​លាន​ដុល្លារ​
​ភ្នំពេញ ៖ គ្រោង​វិនិយោគ​ថ្មីៗ​ចំនួន​៤​ទៀត ដែល​សរុប​ទុនវិនិយោគ​រហូតដល់​ជិត​៦០០​លាន​ដុល្លារ​អាមេរិក និង​បង្កើត ការងារ​ថ្មី​ជូន​ប្រជាពលរដ្ឋ​ជាង ២​ម៉ឺន​កន្លែង​នៅ​កម្ពុជា ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អនុម័ត​ជា​ផ្លូវការ​រួចហើយ ។ នេះ​បើតាម​ការប្រកាស​ក្នុង​facebook ផ្លូវការ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ( CDC)​។ គម្រោង​វិនិយោគ នោះ រួម​មនា ៖ ១ / រោងចក្រ​ផលិត​អំពូល​ភ្លើង​លម្អ ខ្សែភ្លើង​អគ្គិសនី​គ្រប់​ប្រភេទ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្ត ស្វាយរៀង​។ ២/ រោងចក្រ​កែច្នៃ​កសិផល​ដំឡូង​មី មាន​ទីតាំង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស យូ ប៊ី អ៊ី ស្នួល ខេត្ត ក្រចេះ​។ ៣/ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ មាន​ទីតាំងនៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​ទី​៤/ រោងចក្រ​កាត់ដេរ សម្លៀកបំពាក់ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕

ក្រសួងកសិកម្ម​គ្រោង​បញ្ចេញ​ពូជស្រូវ​ជាង​១​ពាន់​តោន ជួយ​ពលរដ្ឋ​ជិត​៥​ម៉ឺន​គ្រូ​សារ​
​ ​ភ្នំពេញ ៖ លោក ចាន់ ហេង អ្នកនាំពាក្យ​ក្រសួងកសិកម្ម បាន​ថ្លែង​បញ្ជាក់ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជិត​៥​ម៉ឺន​គ្រួសារ កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​មេគង្គ ជំនន់​ទឹកភ្លៀង និង គ្រោះរាំងស្ងួត​។ លោក​ថា ក្រសួងកសិកម្ម គ្រោង​ចេញ​ពូជស្រូវ និង​ពូជ​ពោត​ប្រមាណ​ជាង​១​ពាន់ ៦​រយ​តោន ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ ហើយ​គម្រោង​នេះ កំពុងដាក់​ស្នើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ដើម្បី​ធ្វើការ​សម្រេច​៕

លោក គឹម សុខ ប្រឈម​ការទាមទារ​សំណង​៨០០​លាន​រៀល ករណី​ចាញ់ក្តី CPP
​ ​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា តាម​ទារលុយ ៨០០​លាន​រៀល ពី​លោក គឹម សុខ អ្នកវិភាគ​សង្គម​ដែល​ចាញ់ក្តី​ក្នុង​សំណុំរឿង​ចោទប្រកាន់​« គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​ផែន ការសម្លាប់​លោក កែម ឡី​»​។ សម្ដេចនាយក​រដ្ឋមន្ដ្រី បានលើកឡើង​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​ជួប​សំណេះ សំ​ណា​ល ជាមួយ​កម្មករ កម្មការិនី​ជាង ១​ម៉ឺន​៤​ពាន់​នាក់ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៩ ខែសីហា​នេះ​។ សម្ដេច​តេ​ជោ បាន​លើកឡើងថា ការ​រួច​ទោស​នាពេល​ថ្មីៗ​កន្លងមកនេះ មាន ២​ប្រភេទ គឺ​ការ​រួច​ទោស​តាមរយៈ​ការស្នើសុំ​មក​សម្ដេចនាយក​រដ្ឋមន្ត្រី ដើម្បី​ទូលថ្វាយ​ព្រះមហាក្សត្រ​លើកលែងទោស គឺ​មិនចាំបាច់​បង់​សំណង​នោះទេ​។ ប៉ុន្ដែ​អ្នក​រួច​ទោស​តាមរយៈ​ការ​ផុតរលត់​នៃ​ទោស ត្រូវ​បង់ប្រាក់​សំណង​នេះ​៕

ពីរ​ថ្ងៃ​ជាប់​គ្នា សមត្ថកិច្ច​រកឃើញ​ប៊ីចេង​ក្លែងក្លាយ​១៧​តោន និង​គ្រឿងសំអាង​ក្លែងក្លាយ​ជាង​៤​តោន​
​ភ្នំពេញ ៖ ទីតាំង​លួចលាក់​ស្តុ​ប និង​វេច​ខ្ចប់​ផលិតផល​គ្រឿងសម្អាង​ខុសច្បាប់​មួយកន្លែង ត្រូវបាន​កម្លាំង​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះបង្ក្រាប​ដោយ​រកឃើញ​ផលិតផល​សម្អាង​ចម្រុះ​ដូចជា ឡេ ក្រែ​ម សាប៊ូ និង​វត្ថុ​ធាតុ ដើម ជាច្រើន​ទៀត​សរុប​ចំនួន​១៧​មុខ ចំនួន​៤​តោន កន្លះ ។ ការបង្ក្រាប ផលិតផល​ក្លែងក្លាយ​នេះ ធ្វើឡើង​នៅ​ព្រឹក ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំនុច​ផ្ទះ លេខ​១ ផ្លូវ​Q6 សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ​។​គួររំលឹកថា កាល ពី​វេលា​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ទីតាំង​ស្តុ​ប និង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ​មួយកន្លែង​នៅក្នុង​សង្កាត់ ទួល​សង្កែ​ទី​២ នេះ ដែរ ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះបង្ក្រាប​រឹបអូស​ប៊ីចេង​ក្លែងក្លាយ ប្រមាណ​១៧​តោន​៕

លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន ១៣​នាក់ ទទួលបាន​ការលើកលែង​ទោស
​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់រ​បស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​សកម្មជន​បក្ស​សរុប​ចំនួន ១៤ នាក់ នៅ​យប់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ បានទទួល​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​។ អ្នក​ទាំង​១៤​នេះ រួមមាន​៖ លោក មា​ជ សុវណ្ណារ៉ា​, ២ លោក ឃិន ជំរឿន ,៣ លោក នាង សុ​ឃុន​, ៤ លោក សាន គឺ​ម​ហេង​, ៥​លោក សាន សីហៈ​, ៦ លោក អ៊ុក ពេជ្រ សំណាង​,៧ លោក ទេព​ណារិន , ៨ លោក អឿ ណា​រិ​ទ្ធ , ៩​លោក អាន បឋម​, ១០ លោក កែ ឃី​, ១១​លោក ស៊ុំ ពុទ្ធិ​, ១២​លោក រឿន ចិន្តា​,១៣​លោក យន់ គឹម​ហួរ និង​១៤​លោក យា ជុង​។​លោក មា​ជ សុ​ណ្ណា​រ៉ា ត្រូវបាន​សមត្ថ កិច្ច​ចាប់ខ្លួន​ក្រោម​បទ​ចោទថា ជា​អ្នកដឹកនាំ​កុប្បកម្ម និង​បង្ក​ឲ្យ​មាន​ហិង្សា​នៅក្បែរ​ស្ពាន​នាគ ជិត​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៥ កក្កដា ២០១៤​។ ជាមួយគ្នានេះ នៅមាន​សកម្មជន​គណ​បក្ស ១០​នាក់​ផ្សេងទៀត ក៏​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដូចគ្នានេះដែរ​ក្នុង​ថ្ងៃ​បន្តបន្ទាប់​៕

តុលាការ​សម្រេច​បន្ត​ឃុំខ្លួន​លោក កឹម សុខា រយៈពេល ៦​ខែ​ទៀត​
​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី បានសម្រេច​បន្ត​ឃុំខ្លួន​លោក កឹម សុខា នៅ ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ រយៈពេល​៦​ខែ​ទៀត ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម ។​ការសម្រេច​នេះ បន្ទាប់ ពី​បាន​បន្ត​នីតិវិធី​សួរចម្លើយ លោក កឹម សុខា ម្តងទៀត ក្នុង​នីតិវិធី​ស្តីពី​ការពន្យារពេល​ឃុំខ្លួន​បណ្តោះអាសន្ន ដែល​ធ្វើឡើង​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង កាលពី​ថ្ងៃទី​៣០ សីហា​។ គួររំលឹកថា កាលពី​ថ្ងៃទី​២២ ខែសីហា​កន្លងទៅ តុលា ការ កំពូល​បាន​តម្កល់​សេចក្តីសម្រេច​ក្នុងការ​ឃុំខ្លួន​លោក កឹម សុខា របស់​សាលាឧទ្ធរណ៍​ទុកជាបានការ ដែល​ការ បន្ត​ឃុំខ្លួន​នេះ ត្រូវបាន​ធ្វើឡើង​ចំនួន​ពីរលើក​រួចមកហើយ គឺ​លើក​ទី​១ កាលពី​ខែមីនា ឆ្នាំ​២០១៨ និង​លើក​ទី​២ នៅ ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨​នេះ​៕

សម្តេច​តេ​ជោ នាយករដ្ឋមន្ដ្រី ទូលថ្វាយ​ព្រះមហាក្សត្រ​ស្តីពី​ការតែងតាំង​អគ្គនាយក​ថ្មី​៣​រូប
​ភ្នំពេញ ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​៣១​សីហា​នេះ បាន​ផ្ញើលិខិត​ទូលថ្វាយ​ព្រះមហាក្សត្រ អំពី​ការផ្ទេរ ភារកិច្ច និង​តែងតាំង​មុខតំណែង​អគ្គនាយក​ចំនួន​បី​រូប នៃ​ក្រសួងមហាផ្ទៃ ដែល​រួមមាន​៖ ១. ឯ​.​ឧ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ ទៅជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជំនួស ឯ​.​ឧ សុខ ផល​។ ២. ឯ​.​ឧ កង សុខន អគ្គ​ស្នងការរង​នគរបាលជាតិ ទៅជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ជំនួស ឯ​.​ឧ ម៉ៅ ច័ន្ទ​តារា​។ ៣. លោក សេង យូ​អ៊ា​ន់ អគ្គនាយករង ទៅជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ ជំនួស លោក ម៉ៅ ប៊ុន​ណា​រិ​ទ្ធ​។ នៅក្នុង​សប្តាហ៍​នេះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ ជូន សុវណ្ណ ក៏​ដែល​ត្រូវបាន​ដាក់​ស្នើ​ឱ្យចូល និវត្តន៍ រួមជាមួយ​នឹង​នាយ​ឧ​ត្ត​ម​សេនីយ៍​ទាំង​៩​រូប ផ្សេងទៀត​ផងដែរ​៕