លោក គឹម សុខ អ្នកវិភាគ​នយោបាយ រត់គេច​ទៅ​ក្រៅប្រទេស​ជាមួយកូនស្រី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 September, 2018 ក+ ក-

​ភ្នំពេញ ៖ លោក គឹម សុខ អ្នកវិភាគ​នយោបាយ​ស​ង្គ​ម និង​កូនស្រី​របស់លោក​ម្នាក់​អាយុ​៦​ឆ្នាំ បាន​ភៀសខ្លួន​ចេញទៅ​ក្រៅប្រទេស​ហើយ កាលពី​ថ្ងៃទី​៣០ ខែសីហា​កន្លងទៅ​។ នេះ​បើតាម​ប្រភព​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​គួរ​ឲ្យ​ទុកចិត្តបាន​។​

​ព័ត៌មាន​នៃ​ការ​ភៀសខ្លួន​នេះ បាន​កើតឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋ មន្ត្រី បាន​ជំរុញ​ឲ្យ​មេធាវី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​នីតិវិធី​ដើម្បី​ទារ​សំណង​ពី​លោក គឹម សុខ តាម​ការបង្គាប់​របស់​តុលាការ​ចំនួន​៨០០​លាន​រៀល​។ ទំនង​ដោយសារ​ហេតុផល​នេះ ទើប​លោក គឹម សុខ បានសម្រេច​ចិត្ត​ធ្ចើ​ការ​ភៀសខ្លួន​បែបនេះ​។

​ជាមួយគ្នានេះ លេខ​ទូរស័ព្ទ​របស់លោក គឹម សុខ មិនអាច​ទាក់ទង​បាន​ទៀត​ទេ នៅ​ថ្ងៃទី​០២ ខែកញ្ញា នេះ ខណៈដែល​សារព័ត៌មាន​អន​ឡាញ​មួយចំនួន បាន​អះអាងថា លោក គឹម សុខ និង​កូនស្រី​អាយុ​៦​ឆ្នាំ​ម្នាក់ បាន​ភៀសខ្លួន​ទៅដល់​កន្លែង​មាន​សុវត្ថិភាព នៅក្រៅ​ប្រទេស​បាត់ទៅ ហើយ​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​២៩ ខែសីហា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា «​អ្នក​ដែល​ត្រូវបាន​លើកលែងទោស សំណង​មិន​តម្រូវ​ឲ្យ​សង​នោះទេ​។ ផ្ទុយទៅវិញ​អ្នក​រួច​ទោស​ដោយសា​សាលក្រម​ផុតរលត់ ត្រូវតែ​សងលុយ​ជំពាក់​គេ​។ អ៊ីចឹង អ្នក​ដែល​រួច​ទោស​បែបនេះ គណបក្ស​ប្រជាជន​ត្រូវគេ​ជំពាក់​លុយ ៨០០​លាន​រៀល​។ អ៊ីចឹង​ត្រូវ​រកលុយ​សង បើ​មិន​សង​ទេ​អ្នកឯង​ប្រហែលជា​ត្រូវ​ចូល​គុក​វិញ​»​។​

​តាម​ការកត់សម្គាល់ ការព្រមាន​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន បែបនេះ បានធ្វើ​ឡើងខណៈ​លោក គឹម សុខ ចេញពី​គុក​ភ្លាមៗ លោក​ហាក់​មិន​បន្ថយ​ការរិះគន់​ទៅលើ​រដ្ឋាភិបាល​នោះទេ លោក​នៅតែ​និយាយ​បែប​បញ្ឆិតបញ្ឆៀង ទៅលើ​រាជរដ្ឋាភិបាល រួមទាំង​ការរិះគន់​លើ​តួលេខ​នៃ​ចំនួន​អ្នក​ចេញទៅ​បោះឆ្នោត​ផងដែរ​។​

​គួររំលឹកថា លោក គឹម សុខ ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ ដោះលែង​ឲ្យ​មាន​សេរីភាព​កាលពី​ថ្ងៃទី​១៧ ខែសីហា ក្រោយពី​លោក​ជាប់ពន្ធនាគារ​អស់​រយៈពេល​១៨​ខែ គ្រប់​អាជ្ញា​យុ​កាល​តាម​កំណត់​ច្បាប់ ក្នុង​សំណុំ រឿង​ដែល​លោក គឺ​ម សុខ ចោទថា «​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នករៀបចំ​ផែនការ​សម្លាប់​លោក កែម ឡី​»៕