​ជាប់គុក​មួយឆ្នាំ​ហើយ លោក កឹម សុខា នៅតែ​មិនអាច​រក​ច្រក​នៅក្រៅ​ឃុំ​បាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 September, 2018 ក+ ក-

​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃទី​៣ កញ្ញា នេះ លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ រយៈពេល​១​ឆ្នាំ​គត់ ពាក់ព័ន្ធ​បទ​ចោទ​ពី​ក្បត់ជាតិ លួច​ទាក់ទង​ជាសម្ងាត់​ជាមួយ​បរទេស ដើម្បី​ផ្តួល​រាជរដ្ឋាភិបាល​ស្របច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គួររំលឹកថា លោក កឹម សុខា ត្រូវបាន​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពីបទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី​១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​។​

​ទោះបីជា​មានការ​ស្នើសុំ​នៅក្រៅ​ឃុំ​ជាច្រើនលើក​ច្រើនសារ​ក្តី តែ​ទីបំផុត​តុលាការ​គ្រប់​ជាន់ថ្នាក់ បាន​បដិសេធ​សំណើ​នេះ​ជា​បន្តបន្ទាប់ ដោយ​អះអាងថា ការអនុញ្ញាតឱ្យ​លោក កឹម សុខា នៅក្រៅ​ឃុំ គឺ អាច​ប៉ះពាល់​នីតិវិធី តែ​មេធាវី​លោក កឹម សុខា មិន​យល់ស្រប​បែបនេះ​ទេ ។​

​អ្នកច្បាប់មួយរូប បាន​បញ្ជាក់ថា បទ​ចោទ​លោក កឹម សុខា ក្នុង​អំពើ​ក្បត់ជាតិ ខុសពី​សំណុំរឿង​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ដទៃទៀត ហើយ​បើតាម​នីតិវិធី​ដែល​ដំណើរ​ក្តី​ក្នុង​សំណុំរឿង​អំពើ​ក្បត់ជាតិ ដូចជា​ពិបាក​រក​ច្រក​សម្រាប់​បើក​ឲ្យ​ជន​ត្រូវ​ចោទ​បាន​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ណាស់​។ ចំណែក​ការសុំ​លើកលែងទោស ក៏​មិនអាច​ធ្វើឡើង​នៅ​មុនពេល​សវនាការ និង​មាន​សាលក្រម​កំណត់​ទោសទណ្ឌ​នោះដែរ​។​

​ព្រឹត្តិការណ៍​ចុងក្រោយ ដែល​អ្នកនយោបាយ​និង​បុគ្គល​សំខាន់ៗ​មួយចំនួន ត្រូវបាន​តុលាការ​ដោះលែង​ជា​បន្តបន្ទាប់ ដែល​អ្នកខ្លះ​ត្រូវបាន​ដោះលែង​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​ក្តី នោះ មជ្ឈដ្ឋាន​ជាច្រើន បាន​រំពឹងថា លោក កឹម សុខា អាច​នឹងត្រូវ​ដោះលែង​ដែរ​។​

​ប៉ុន្តែ​ទីបំផុត លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨ សម្រេច​បន្ត​ឃុំខ្លួន​លោក កឹម សុខា ក្នុង​ពន្ធនាគារ​ដដែល​ដោយ​មិន​អនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ទេ​៕