ដាច់​ខ្សែ​រ៉ក​ក្នុង​សំណង់​កាស៊ីណូ Diamond Crown ស្លាប់​កម្មករ​៤​នាក់ របួសធ្ងន់​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 September, 2018 ក+ ក-

​ក្រុងប៉ៃលិន ៖ មនុស្ស​៤​នាក់ បាន​ស្លាប់ និង​របួសធ្ងន់​ម្នាក់ ក្នុងករណី​ដាច់​ខ្សែ​រ៉ក​យោង​មនុស្ស និង​សម្ភារៈ ធ្លាក់​មកក្រោម​ក្នុង​ការដ្ឋាន​សំណង់​សណ្ឋាគារ Diamond Crown និង​កាស៊ីណូ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាលពី​ម៉ោង ៧​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៨​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​រួមមាន ៖​ទី​១-​ឈ្មោះ ធន កក ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​ស្លាប់​), ទី​២-​ឈ្មោះ បុរី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​ស្លាប់​), ទី​៣-​ឈ្មោះ ប្រាក់ ឃឿន ភេទ ប្រុស អាយុ​៣៨​ឆ្នាំ (​ស្លាប់​), ទី​៤-​ឈ្មោះ លីម វែង ភេទ ប្រុស អាយុ ១៨​ឆ្នាំ (​ស្លាប់​) និង​ទី​៥-​ឈ្មោះ តន ភេទ ប្រុស អាយុ ៣២​ឆ្នាំ បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។​

​បច្ចុប្បន្ន សព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជនរងគ្រោះ​រង​របួសធ្ងន់ បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បី​ព្យាបាល និង​សង្គ្រោះបន្ទាន់​៕

​ហេតុការណ៍​គ្រោះថ្នាក់​នេះ ត្រូវបាន​សន្និដ្ឋានថា បណ្តាលមកពី​មេជាង​សំណង់​ខ្វះ​ការប្រុងប្រយ័ត្ន មិន​ត្រួតពិនិត្យ​សម្ភារៈ គ្រឿងចក្រ​សំណង់​ឲ្យ​បាន​ត្រឹមត្រូវ​៕ ប . ស​ផល​