រដ្ឋសភា​នីតិកាល​ទី​៦ នឹង​បើក​ក្រោម​ព្រះរាជអធិបតី​ដ៏​ខ្ពង់ខ្ពស់​ព្រះមហាក្សត្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 September, 2018 ក+ ក-

​ភ្នំពេញ ៖ តាម​ការគ្រោងទុក រដ្ឋសភា នីតិកាល​ទី​៦ នឹង​បើក​សម័យប្រជុំ​ដំបូង​នៅ​ថ្ងៃ​ពុធ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ ស្អែក​នេះ ក្រោម​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក្នុង ពិធី​ដ៏​មហា​ឡា​រឹក និង​ជា​ប្រវត្តិសាស្ត្រ​នេះ ឥស្សរជន​ជាន់ខ្ពស់ អង្គទូត ប្រចាំ​ព្រះរាជាណាចក្រ កម្ពុជា និង​តំណាង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ក៏ត្រូវ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ផងដែរ នេះ​តាម​ការ​ការជូនដំណឹង​របស់​អគ្គលេខាធិការ​ដ្ឋា​ន​រដ្ឋសភា​។​

សេចក្តីជូនដំណឹង​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ពិធី​បើក​សម័យប្រជុំ​ដំបូង​ខាងលើនេះ សម័យ ប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦ នឹង​ផ្តើម​ការងារ​ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គ​មហា ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា​ដើម្បី​៖ (១).​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ របស់​សមាជិក​នីមួយៗ និង (២).​ការអនុម័ត​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា នីតិកាល​ទី​៦​។ ដោយ ឡែក​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ៨ ព្រឹក រដ្ឋសភា​ធ្វើការ​បោះឆ្នោត ដើម្បី​ជ្រើសតាំង​ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មកា​រ​ជំនាញ​ទាំងអស់ នៃ​រដ្ឋសភា ហើយ​មា​ជិ​ក​រដ្ឋសភា​ទាំង ១២៥ រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កើត​
​ចេញពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៩ ខែកក្កដា​
​ឆ្នាំ​២០១៨ ដែលមាន​គណបក្សនយោបាយ​ចំនួន ២០​ចូលរួម នឹង​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​រាជ រដ្ឋាភិបាល​ផងដែរ​។​

សូម​ជម្រាបជូន​ថា តំណាងរាស្ត្រ នីតិកាល​ទី​៦ ទាំង ១២៥​រូប តំណាង​ឲ្យ​មណ្ឌល​ទាំង ២៥ ទូទាំងប្រទេស នឹងត្រូវ​ចូលធ្វើ​សច្ចាប្រណិធាន​នៅ​ព្រះទីនាំង​ទេវាវិនិច្ឆ័យ​ក្នុង​ព្រះ​បរម​រាជ វាំង នា​ល្ងាច​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ ស្អែក​នេះ​៕