សិស្ស​ជាប់​បាក់​ឌុប​ជាង​៧​ម៉ឺន​នាក់ តែ​ជាប់​និទ្ទេស A តិចជាង​ឆ្នាំមុន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 September, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ឲ្យ​ដឹងថា បេក្ខជន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យម សិក្សា​ទុតិយភូមិ ឬ​ហៅថា បាក់​ឌុប សម័យ​ប្រឡង​ថ្ងៃទី​២០ / ២១ ខែសីហា ឆ្នាំ​២០១៨ នេះ សរុប ចំនួន ៧៥.០៥៩​នាក់ ក្នុងចំណោម​បេក្ខជន​ដែល​បាន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ១១៥.២៦៨ នាក់ (១១​ម៉ឺន ៥​ពាន់ ២៦៨​នាក់​) ស្មើនឹង ៦៦,២១%​។

​ចំនួន​នេះ​ច្រើនជាង​ឆ្នាំ​២០១៧ គឺ​បេក្ខជន​ជាប់​និទ្ទេស A ចំនួន​២៩០​នាក់​, បេក្ខជន និទ្ទេស B ១.៥៣២​នាក់​, បេក្ខជន និទ្ទេស C ៤.៦៣១​នាក់​, បេក្ខជន និទ្ទេស D ១៣.៩៩៩​នាក់ និង​បេ​ក្ខ ជន​និទ្ទេស E ចំនួន ៥៤.៦០៧​នាក់​។​

​ដោយឡែក បេក្ខជន​ចំនូ​ន​១៧​នាក់ ត្រូវបាន​កំណត់​ឲ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​ដោយសារ​បាន​ប្រព្រឹត្ត​ខុសឆ្គង ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ មានដូចជា ៖ ខេត្តស្ទឹងត្រែង​១​នាក់​, ខេត្ត ក្រចេះ ១​នាក់​, ខេត្តស្វាយរៀង ១​នាក់​, ខេត្តសៀមរាប ១​នាក់​, ខេត្តកណ្តាល ១​នាក់​, ខេត្ត រតនគិរី ១​នាក់​, ខេត្ត​ព្រះសីហនុ ១​នាក់​, ខេត្តកំពង់ចាម ១​នាក់​, ខេត្តបន្ទាយមានជ័យ ១​នាក់ និង រាជធានី ភ្នំពេញ​ចំនួន​៧​នាក់ ផងដែរ​។​

​គួរ​កត់សម្គាលថា បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុប នៅ​ឆ្នាំនេះ មាន​ចំនួន​ច្រើនជាង​ឆ្នាំ​២០១៧ ប៉ុន្តែ​ចំនួន​បេក្ខជន​ជាប់​និទ្ទេស A មាន​ត្រឹមតែ ២៩០​នាក់​ប៉ុណ្ណោះ តិចជាង​ឆ្នាំ​២០១៧ ដែលមាន ចំនួន ៤២៤​នាក់​៕