ភ្លៀង​នឹង​ធ្លាក់​ខ្លាំង​ចាប់ពី​ថ្ងៃ​១១-១៥ ខែកញ្ញា អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 September, 2018 ក+ ក-

​ភ្នំពេញ ៖ ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​នៅ​កម្ពុជា កំពុង​កើតមាន​នៅលើ​អាង​ទន្លេមេគង្គ​នោះ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានចេញ​របាយការណ៍​ព្យាករណ៍​អាកាសធាតុ ដោយបាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រស់នៅក្នុង​ខេត្ត​ចំនួន​៨ បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ការធ្លាក់​ភ្លៀង​ខ្លាំង ដែល​អាច​នឹង​បង្ក ជា​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​១១ រហូតដល់​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨​។

តាម​ការព្យាករណ៍​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​កាលពី​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៨​ខេត្ត​ទាំង​៨ នោះ រួមមាន ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ កំពង់ធំ សៀម រាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង​។ ក្រៅពី​ខេត្ត​ទាំង​៨ ខាងលើនេះ ក៏​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន នៅក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ផងដែរ​។​

បើតាម​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ឲ្យ​ដឹងថា ទឹកជំនន់​ទន្លេមេគង្គ និង​ទន្លេបាសាក់ គិត​មក​ត្រឹម​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ ទឹកបាន​បន្ត​ស្រក​ចុះ​ជា​បន្ត បន្ទាប់ ក៏ប៉ុន្តែ​ការប៉ះពាល់​បានកើត​ឡើង​នៅ​ប្រាំបួន​ខេត្ត រាជធានី ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ សរុប​កើន​ដល់​ជាង​១០​ម៉ឺន​គ្រួសារ , អ្នកស្លាប់​កើន​ដល់ ៣៧​នាក់ និង​ស្រូវ​សន្ទូង ស្រូវពង្រោះ​សរុប​ជាង​បួន​ម៉ឺន​ហិកតា ត្រូវ​ជន់​លិច ក្នុងនោះ ក៏មាន​ផ្លូវលំ​ប្រមាណ ១.២០០ គីឡូ​ម៉ែ​ត្ឬ ត្រូវ​ទឹក​ជន់​លិច ផងដែរ​៕