លោក កឹម សុខា ត្រូវបាន​ដោះលែង និង​ដឹក​ទៅដល់​ផ្ទះ​គាត់​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 September, 2018 ក+ ក-

​ភ្នំពេញ ៖ នៅវេលា​ម៉ោង ៥​ទៀបភ្លឺ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ នេះ តុលាការ​នៃ​កម្ពុជា​បានសម្រេច​ដោះលែង​លោក កឹម សុខា អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​នោះ​ហើយ ៗ​បាន​វិលត្រឡប់​មកដល់​លំនៅឋាន​ ​នៅខណ្ឌទួលគោកវិញ​ហើយ​ដែរ ។​នេះ​បើតាម​ប្រភព​ដែល​ស្និទ្ធ​នឹង​កិច្ចការ​បានបញ្ជាក់​ប្រាប់​។​

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បាន​ប្រាប់​នៅវេលា​ម៉ោង​ទៀបភ្លឺ ថ្ងៃទី​១០ ខែកញ្ញា ថា តុលាការ​បានសម្រេច​ដោះលែង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ហើយ​ថា “​តុលាការ​បានសម្រេច​ឲ្យ​លោក កឹម សុខា នៅក្រៅ​ឃុំ ស្ថិតក្រោម​ដែន​សមត្ថកិច្ច​ក្រោម​ការអង្កេត​មើល​”​។​

​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដែលមាន​ឈ្មោះថា មា​ជ សុវណ្ណារ៉ា – ព្រហ្ម​វិហារធម៌ ទសពិធរាជធម៌ បាន​បញ្ជាក់ថា “​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ លោក​ប្រធាន កឹម សុខា ត្រូវបាន​ដឹក​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​មកដល់​គេហដ្ឋាន របស់គាត់​ហើយ​”​។

​ហ្វេ​ស​ប៊ុ​កលោក អេង ឆៃអ៊ាង សរសេរថា “​តុលាការ​របប​លោក ហ៊ុន សែន បាន​យក​លោក​ប្រធាន កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង មកដល់​គេហដ្ឋាន​របស់គាត់​ហើយ មួយ​ម៉ោង​មុននេះ (​ប្រហែល​ម៉ោង​៥​ព្រឹក ម៉ោង​នៅ​កម្ពុជា​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ។ លោក​ប្រធាន កឹម សុខា នឹង​ទទួលបាន​សេរីភាព​មកវិញ កំរិតណា​នោះ មិនទាន់​ដឹង​ឡើយ​ទេ​” ។​

​គួររំលឹកថា លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ​សន្ធិ​ដ្ឋិ​ភាព ជាមួយ​បរទេស តាម​មាត្រា​៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​។ «​បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​» ជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី​១៥​ឆ្នាំ ដល់​៣០​ឆ្នាំ ។ កាលណោះ លោក កឹម សុខា ត្រូ​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧៕