លោក កឹម សុខា ត្រូវ​ដោះលែង​ទាំងស្រុង ឬ​យ៉ាងណា ?
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 September, 2018 ក+ ក-

​ភ្នំពេញ ៖ លោក កឹម សុខា ត្រូវបាន​ដោះលែង​ជា​បណ្តោះអាសន្ន និង​បាន​នាំយក​មកដល់​គេហដ្ឋាន​របស់លោក​នៅ​ខណ្ឌទួលគោក​វិញ​ហើយ​។ យ៉ាងណាក៏ដោយ ការសម្រេច​របស់ តុលាការ​បាន​ហ៊ុំព័ទ្ធ​ទៅដោយ​នីតិវិធី​ដ៏​តឹងរ៉ឹង គឺ «​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា នឹង​មិនអាច​រត់គេច​ខ្លួន​ពី​នីតិវិធីតុលាការ​ឡើយ​»​។​

​មាន​សំណួរ​ជាច្រើន​ដែល​សាធារណជន​ចោទសួរ​ខ្លួនឯង​នៅក្រោយ​ពេលដែល​លោក កឹម សុខា ត្រូវបាន​ដោះលែង​ភ្លាមៗ​ថា តើ លោក កឹម សុខា ត្រូវបាន​ដោះលែង​បណ្តោះអាសន្ន​ពី​ពន្ធនាគារ តែ​ត្រូវ​ឃុំខ្លួន​នៅក្នុង​ផ្ទះ​វិញ ឬ ត្រូវ​ដោះលែង​ទាំងស្រុង ?

​បើ​យោងតាម​ដីកា​របស់​ចៅក្រម​ស៊ើបសួរ លោក គី ឬ​ទ្ធី បាន​បង្គាប់​ឲ្យ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ «​ម​៣» (​ត្រពាំង​ផ្លុ​ង​) ត្រូវ​ដោះលែង​លោក កឹម សុខា ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ដើម្បី​ទៅ​រស់នៅ​មូលដ្ឋាន​ដើម​វិញ (​គេហដ្ឋាន​របស់លោក​)​។ ភ្លាមៗ​ក្រោយពី​ការដោះលែង​លោក កឹម សុខា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ផ្សាយ​សេចក្តីប្រកាស​ព័ត៌មាន​ដើម្បី​ពន្យល់​ពី​លក្ខខណ្ឌ​នៃ​ការដោះលែង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​។

​សេចក្តីប្រកាស​នេះ បាន​សរសេរ​ពន្យល់ថា ការដោះលែង​លោក កឹម សុខា ពី​ការឃុំខ្លួន​ក្នុង​ពន្ធនាគារ ត្រូវបាន​យោងទៅលើ​មូលហេតុ​សុខភាព និង​ការធានា​ផ្នែក​នីតិវិធី​ច្បាស់លាស់​ដែលថា «​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា នឹង​មិនអាច​រត់គេច​ខ្លួន​ពី​នីតិវិធីតុលាការ​ឡើយ​»​។​

​យ៉ាងណាក៏ដោយ លោក សុខ ឥសាន អ្នកនាំពាក្យ​គនបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់ ថា​”​ករណី​ជន​តប​រូ​វ​ចោទ​កឹម សុខា បាននិងកំពុង​ស្ថិតនៅ​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ​។ ដូច្នេះ​ការដោះលែង ឬ​មិន​ដោះលែង​ជន​ត្រូវ​ចោទ គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ទាំងស្រុង មិន​មានការ​លូកដៃ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ណាមួយ​ឡើយ​”​។​

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​គេហដ្ឋាន​ទាំង​ពាក់កណ្តាល​អា​ធ្រា​ត្រ​ថ្ង​ស​ទី​២​ចូល​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៧ ក្រោម​បណ្តឹង​របស់​រដ្ឋាភិបាល​ពីបទ ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស (​សមគំនិត​ជាមួយ​បរទេស​) តាម​មាត្រា​៤៤៣​នៃ​ក្រមព្រហ្មណ្ឌ​៕