មនុស្ស​បិសាច​ចាប់​ឆ្កែ​ឆ្នា​ខាំ​ជញ្ជក់​ឈាម នៅ​ស្រុក​កោះសូទិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 September, 2018 ក+ ក-

​កំពង់ចាម ៖ ធ្លាប់តែ​ឃើញ​ក្នុង​រឿងនិទាន ឥឡូវនេះ នៅ​ស្រុក​កោះសូទិន មាន​បុរស​ម្នាក់​ចាប់​ឆ្នែ ឆ្នា មាន់ ខាំ​ជញ្ជក់​ឈាម​ទាំង​រស់ បង្ក​ឲ្យ​អ្នកស្រុក​ភ័យរន្ធត់​គ្រប់ៗ​គ្នា​។

ថ្មីៗ​នេះ មាន​បុរស​ម្នាក់​បាន​ក្លាយជា​មនុស្ស​បិសាច ដោយបាន​ចាប់ ឆ្កែ ឆ្នា មាន់​ហែក​ខាំ​ស៊ី ហុតឈាម​ទាំង​រស់ បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៩ ៖ ៣០​នាទី នៅ​ភូមិ​កោះ​ចិន លើ ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។

ប៉ូលិស​បានអោយដឹងថា បុរស​ខាងលើ​មានឈ្មោះ រុន រាជ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​កោះ​ចិន​លើ ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។ ប្រភព​បានអោយដឹងថា មុន​កើត ហេតុ​គេ​ឃើញ បុរស​ចំឡែក​ម្នាក់នេះ បាន​ផឹកស្រា​ស្រវឹង ហើយ​មាន​សកម្ម​ភាពមិនប្រក្រតី (​ខុសពី​មនុស្ស​ធម្មតា​) ហើយ​ដើរទៅ​ចាប់​កូន​ឆ្កែ ៣​ក្បាល ហែក​ខាំ ក ឆ្កែ ស៊ី និង​ហុតឈាម​ទាំង​រស់ ក្នុងនោះ​ស៊ី​អស់​ឆ្កែ​២​ក្បាល រីឯ ០១​ក្បាល​ទៀត​ខាំ​ស៊ី​ហែក​បំពង់ ក ហុតឈាម​(​ដាច់​ស្បែក​សល់​តែ​ឆ្អឹង​) និង​ស៊ី​គីង្គក់​ទាំង​រស់ ចំនួន​១​ក្បាល មិនតែប៉ុណ្ណោះ ថែមទាំង​ស៊ី​កូន​ឆ្មា​ទាំង​រស់ អស់​១​ក្បាល​ទៀត​។​
​ប៉ូលិស​បានអោយដឹងថា ក្រោយ​ទទួល​ព័ត៌មាន​នេះ​ភ្លាម លោក វរសេនីយ៍ឯក អ៊ឹម ឃឿន អធិការ នគរបាល​ស្រុក​កោះសូទិន បាន​ចាត់​ឲ្យ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំ​ពង់រាប សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ចុះ​ដល់​កន្លែងកើតហេតុ ។

ពេល​ឃើញ​សមត្ថកិច្ច​ភ្លាម ឈ្មោះ រុន រាជ បាន​រត់​គេចខ្លួនបាត់ ហើយ​សមត្ថកិច្ច​នៅចាំ​តាមដាន​សកម្មភាព​ឈ្មោះ រុន រាជ បន្តទៀត​។ លុះ​ម៉ោង​ប្រហែល ២១ ៖ ១៥​នាទី ឈ្មោះ រុន រាជ បាន​ត្រឡប់​មកវិញហើយ ឡើង​ដេក​លើផ្ទះ​បាត់ទៅ កម្លាំង​សមត្ថកិច្ច នៅចាំ​ឃ្លាំមើល​សកម្មភាព​ឈ្មោះ រុន រាជ រហូត​។ ប៉ូលិស​បាន​បន្តថា នៅ​ថ្ងៃទី ០៩.០៩.២០១៨ វេលា​ម៉ោង ៨.០០​នាទី​សមត្ថកិច្ច​បាន​ហៅ​ឈ្មោះ រុន រាជ ដើម្បី​សាកសួរ តែ​ឈ្មោះ រុន រាជ នៅ​សំងំ​លើផ្ទះ​ដោយ​ដាក់​ក​ន្លឹះ​ទ្វារផ្ទះ​ជាប់ មិន​ព្រម​ចុះមក​ដី​ឡើយ កម្លាំង​នៅតាម​ដាន​បន្ត​ជាប្រចាំ​។ នៅវេលា​ម៉ោង​១៤ ក្នុង​ថ្ងៃ​ដដែល បិសាច​ជញ្ជក់​ឈាម​ខាងលើ​បាន​ចុះពីលើផ្ទះ ចាប់​មេមាន់​ក្រាប​ពង រួច​បិទទ្វារ​ដាក់​គន្លឹះ ហើយ​ខាំ ក មាន់​បឺត​ឈាម​អស់ រួច​ទំលាក់​មាន់មក​ដី​។ ប៉ូលិស​បាន​បន្តថា នៅ​ម៉ោង ១៥​និង​៣០​នាទី ម្តាយ​របស់​បុរស​ចំឡែក​ខាងលើ​ឈ្មោះ ឆេង អេង អាយុ​៤២​ឆ្នាំ ដែល​លក់ដូរ​នៅ​ភ្នំពេញ​បាន​ត្រឡប់មក​ដល់ផ្ទះ ហៅ រុន រាជ ជា​កូន​អោយ​ចុះមក តែ​ពេលនោះ រុន រាជ មិន​ស្គាល់​ម្តាយ​ឡើយ​។ ប៉ូលិស​បន្តថា នៅ​ម៉ោង ១៧​និង​៣០​នាទី ថ្ងៃ​ដដែល ម្តាយ​របស់ រុន រាជ បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ជួយ​ចាប់​កូន ទោះបី​ធ្វើ​យ៉ាងណាក៏ដោយ​គឺ​ចាប់​អោយ​ទាល់តែ​បាន​។​

​ដោយ​ជិតយប់​ផង ខ្លាច រុន រាជ បង្ក​ភាព​មហន្តរាយ​ទៀត សមត្ថកិច្ច បាន​ទំលាយ​ទ្វារ​ចាប់​ឈ្មោះ រុន រាជ យក​ធ្វើតេស្ត​ទឹកនោម​រក​សារជាតិ​ថ្នាំញៀន តែ​លទ្ធផល គឺ​ពុំមាន​ជាតិ​ថ្នាំញៀន​ឡើយ ធ្វើអោយ​ប្រជា​លពរ​ដ្ឋ​នៅ​ទីនោះ​ព្រឺក្បាល បះ​រោម​គ្រប់ៗ​គ្នា ស​ង្ស​យ័​ថា រុន រាជ ត្រូវ​ព្រាយ​បិសាច​ចូល​ស​ណ្ថិ​ត​។
​បច្ចុប្បន្ន រុន រាជ ត្រូវ​អាណាព្យាបាល​ចាប់​ដាក់​ច្រវាក់ ហើយ​រក​ព្រះសង្ឃ និង​គ្រូមន្តអាគម​ស្រោ​យ​ទឹក​ព្យាបាល​៕