​អាជ្ញាធរ​មីន​កម្ពុជា ជ្រើសរើស​កម្លាំង ២​ពាន់​​នាក់បន្ថែមទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 September, 2018 ក+ ក-

​លោក លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ថ្លែងថា អាជ្ញាធរ​មីន ត្រូវការ​កម្លាំង​ប្រមាណ ២​ពាន់​នាក់ បន្ថែមទៀត លើ​កម្លាំង​ដែលមាន​ស្រាប់​ជាង ៤​ពាន់​នាក់​។ ការ​រើស​បន្ថែម​នេះ ដើម្បី អនុវត្តន៍​តាម​ផែនការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បានសម្រេច​ថា ឆ្នាំ​២០២៥ ជា​ឆ្នាំ​ដែល​លើ​ទឹកដី​កម្ពុជា គ្មាន​មីន​ប្រឆាំង​មនុស្សលោក​។​លោក លី ធុជ បញ្ជាក់ថា កម្លាំង​ជាង ៤​ពាន់​នាបច្ចុប្បន្ន នេះ កំពុងតែ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​យ៉ាងសកម្ម ដែល​ការងារ​ទាំងអស់ គឺ​ពោរពេញ​ដោយ​ហានិភ័យ​ខ្ពស់ ហើយ​មួយចំនួនទៀត ត្រូវបាន​ចូលនិវត្តន៍​។​

​សូមបញ្ជាក់ថា គិត​ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០១៧ ប្រតិបត្តិការ​បោសសម្អាត​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ សម្រេច​រំដោះ​ផ្ទៃដី​បាន ១.៦៨០​គីឡូម៉ែត្រ​ការ៉េ ខណៈដែល​ផ្ទៃដី​ដែល​សង្ស័យថា មាន​គ្រាប់មីន និង​កាកសំណល់​ជាតិ​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម​ប្រមាណ​១.៩៧០​គីឡូម៉ែត្រ​ការ៉េ​ទៀត​៕