​ក្រុមហ៊ុន​ធំៗ​ចំនួន​១៦ របស់​អាមេរិក មក​សិក្សា​ពី​វិស័យ​កសិកម្ម​នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 September, 2018 ក+ ក-

​តំណាង​ក្រុមហ៊ុន​ធំៗ​ចំនួន ១៦​រូប​ពី​សហរដ្ឋអាមេរិក នឹង​មក​សិក្សា​ស្វែងយល់​ពី​វិស័យ​ក​សិ កម្ម​នៅ​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ នៅក្នុង​កម្មសិក្សា​មួយ ក្រោម​ប្រធានបទ​« ឱកាស​ធុរកិច្ច​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​» ដែល​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​សហ​រដ្ឋ​អាមេរិក នៅ​សណ្ឋាគារ Rose wood ភ្នំពេញ នា​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨​។

​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា បាន​ជូនដំណឹង​ថា ក្នុង​កម្មសិក្សា​នេះ សមាជិក​ប្រតិភូ នៃ ក្រុមហ៊ុន​ទាំង​១៦​នោះ នឹង​ស្វែងយល់​ពី​វិស័យ​ផ្សេងៗ​ទាក់ទង​នឹង​វិស័យ​កសិកម្ម​របស់​កម្ពុជា មានដូចជា ស្រូវ​អង្ករ ចំណី​សត្វ បសុសត្វ វារីវប្បកម្ម និង​ទស្សនា​ទីតាំង​ផលិតកម្ម ក្នុង​មូលដ្ឋាន​មួយ ចំនួន ។

លើសពីនេះ​គណៈប្រតិភូ នឹង​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​មក​ពី​ក្រសួងពាណិជ្ជកម្ម ក្រសួង កសិកម្ម និង​អ្នកជំនួញ​កម្ពុជា​ផងដែរ ដើម្បី បង្កើន​ទំនាក់ទំនង​ជាមួយ​ភាគី​កម្ពុជា ដែល​នឹង​អាច​ក្លាយ ជា​ដៃគូ​វិនិយោគ​ដ៏​មាន​សក្តានុពល​នៅពេល​អនាគត​៕