​សម្តេច​ ហ៊ុន សែន ទៅ​ប្រជុំ​នៅ អ​.​ស​.​ប នៅ​បូរី​ញូវយ៉ក ក្នុង​សប្ដាហ៍​នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 September, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ដឹកនាំ​ប្រតិភូ ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត នៅ​ចុង​សប្ដាហ៍​នេះ ក្នុង​បុរី​ញូវយ៉ក សហរដ្ឋអាមេរិក ។ ក្នុងឱកាស​នោះ សម្តេច​តេ​ជោ នឹងធ្វើ​សេចក្ដីថ្លែងការណ៍​នៅ​ចំពោះមុខ​មហាសន្និបាត និង​ជួបពិភាក្សា​ការងារ​ជាមួយ​មេដឹកនាំ​ពិភព លោក សំខាន់ៗ​ផ្សេងទៀត​។ ស្របពេល​ជាមួយគ្នានេះ ក៏​នឹងមាន​ការត្រៀម​គាំទ្រ​ស្វាគមន៍​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋអាមេរិក​ផងដែរ​។

​សូមជម្រាបថា មហាសន្និបាត​នេះ នឹង​ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០ ខែកញ្ញា នៅក្នុង​ទីក្រុង​ញូវយ៉ក​។ អមដំណើរ​ស​ម្តេ​វ​តេ​ជោ ហ៊ុន សែន រួមមាន​ឥស្សរជន​សំខាន់ៗ​ដូចជា ឯ​.​ឧ​. ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ការ បរទេស លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី និង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត​៕