ក្រសួងសុខាភិបាលអំពាវនាវឲ្យប្រុង ប្រយ័ត្នការពុលចំណីអាហារអំឡុង បុណ្យភ្ជុំបិណ្ឌ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 September, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាជនមានការប្រុងប្រយ័ត្ន ចំពោះការពុលចំណីអាហារនៅអំឡុងបុណ្យភ្ជុំបិណ្ឌពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី១០ខែតុលា ខាងមុខនេះ។ ការពុលចំណីអាហារ រាប់ទាំងការពុលស្រាផងដែរ ត្រូវបានក្រសួងចាត់ទុកថា នៅតែជាបញ្ហាដ៏សំខាន់ ដែលត្រូវយកចិត្តទុកដាក់បំផុត។ នេះបើតាមសេចក្តីប្រកាសមួយកាលពីថ្ងៃទី២៦ ខែកញ្ញា ម្សិលមិញនេះ។

ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរ ពីការពុលអាហារ ដែលនាំឲ្យក្អូត រាក និងការពុលស្រា គឺបង្កឡើងដោយសារចំណីអាហារគ្មានអនាម័យ ឬទឹកកខ្វក់ ដែលមានមេរោគ បាក់តេរី វីរុសប៉ារ៉ាស៊ីត ឬសារធាតុគីមី។ មូលហេតុភាគច្រើន គឺដោយសារតែការរៀបចំអាហារមិនមានអនាម័យ ល្អ ទាំងចំណីអាហារ ទាំងអ្នករៀបចំទុកដាក់ និងការចែកចាយចំណីអាហារ។ ដោយឡែក ការពុល ស្រា គឺមកពីការផលិត ឬបិតស្រា ដែលមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ៕