តុលាការក្រុងភ្នំពេញកាត់ទោសមន្ត្រី អាដហុក៥រូបឱ្យជាប់ពន្ធនាគារម្នាក់ៗ ៥ឆ្នាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 September, 2018 ក+ ក-

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៨ បានសម្រេច ផ្ដន្ទាទោសមន្ត្រីការ ពារសិទ្ធិមនុស្សសមាគមអាដហុកចំនួន ៥នាក់ ឱ្យជាប់ពន្ធនាគារ ម្នាក់ៗចំនួន៥ឆ្នាំ តែទោសនេះត្រូវព្យួរ ។មន្ត្រីទាំង៥នាក់ ត្រូវបានដោះលែងឲ្យនៅ ក្រៅឃុំបណ្តោះអាសន្ន កាលពីឆ្នាំ២០១៧ ក្រោយ ពីបានអនុវត្តទោសក្នុងពន្ធនាគារ អស់រយៈពេល១ឆ្នាំ។

មន្ត្រីអាដហុកទាំងនេះរួមមាន លោក នី ចរិយា លោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុនី ត្រូវអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន អំឡុង ពេល ពួកគេបំពេញការងារមន្ត្រីសិទ្ធិមនុស្សក្នុងសំណុំរឿងអាស្រូវស្នេហារបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ជាមួយកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលគេ ដឹងថាជាស្ត្រីកំណាន់របស់ លោក កឹម សុខា កាលពីដើម ឆ្នាំ២០១៦ ដោយចោទពីបទ សូកប៉ាន់ និងសមគំនិតសូកប៉ាន់សាក្សី៕