​រដ្ឋាភិបាល​នឹង​ចំណាយ​ថវិកា​ជាង​៨​លាន​ដុល្លារ​ដើម្បី​ធ្វើ​ជំរឿន​ឆ្នាំ​២០១៩ ខណៈ​ដៃគូ​ផ្អាក​ជំនួយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 September, 2018 ក+ ក-

​ភ្នំពេញ ៖ លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ បាន​អះអាងថា រាជរដ្ឋាភិបាល​នឹង​ចំណាយ​ថវិកា​ជាតិប្រមាណ​ជាង ៨​លាន​ដុល្លារ ដើម្បី​ធ្វើ​ជំរឿន​ប្រជាពលរដ្ឋ​នៅ​ឆ្នាំក្រោយ​។ ការចំណាយ​ថវិកាជាតិ​ទាំងស្រុង​នេះ ដោយសារតែ​ប្រទេស​ជា​ដៃគូ​ជំនួយ​មួយចំនួន បាន​បញ្ឈប់​ការ​ផ្តល់ជំនួយ​។​

​ថ្លែង​ក្នុង​ពិធី​ប្រកាស​គណៈកម្មាធិការ​ជំរឿន​ប្រជាជន និង​ពិធី​ទទួល​សម្ភារៈ​ជំរឿន​ពីសា​ធារ ណ​រដ្ឋ ប្រជាមានិត​ចិន នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ កញ្ញា ម្សិលមិញ នេះ ឯ​.​ឧ​. ឆាយ ថន បាន​ថ្លែងថា ដោយសារ​ជំរឿន​ត្រូវតែ​អនុវត្ត​រៀងរាល់ ១០​ឆ្នាំ​ម្ដង មិនអាច​ខ្វះ​បាន ដូច្នេះ​ការធ្វើជំរឿន​នៅ​ឆ្នាំ​២០១៩ ខាងមុខនេះ គឺមាន​សារៈសំខាន់​សម្រាប់​រដ្ឋាភិបាល​អាច​តាក់តែង​គោលនយោបាយ​បាន​ត្រឹមត្រូវ និង​អនុវត្ត​កម្មវិធី​ផ្សេងៗ​ឲ្យ​ទទួលបាន​តុល្យភាព​។

​លោក​បន្តថា ជំរឿន គឺជា​ការងារ​ដ៏​ធំ​សម្បើម​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ដែល​ស្ទើរតែ​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​តិចតួច​មិនអាច​រ៉ាប់រង​បាន​ដោយ​គ្មាន​ដៃគូ​ជួយ​នោះឡើយ​៕