ស្ត្រី​ម្ចាស់​រូបថត​បីកូន​រត់គេច​ពីរ​បប ប៉ុល ពត បានទទួល​មរណភាព​ហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 September, 2018 ក+ ក-

​ភ្នំពេញ ៖ ស្រី្ត​ខ្មែរ​មួយរូប​ដែល​មនុស្ស​ជាច្រើន​បាន​ស្គាល់ តាមរយៈ​រូបថត​បីកូន​តូច​មួយ​នៅក្នុង​ដៃ រួម និង កូនប្រុស ស្រី​ឈរ​អម​សងខាង ក្នុង​ទិដ្ឋភាព​គួរអោយ​សង្វេគ​នោះ បានទទួល​មរណភាព​ហើយ ក្នុង​វ័យ ៨៦​ឆ្នាំ កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ កន្លងទៅនេះ នៅ​ទីក្រុង​ពែ​រី​ញើ ប្រទេស បារាំង ។ នេះ​បើ តាម​ព័ត៌មាន​ដែល​គេ​បង្ហោះ​នៅតាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​។

​រូបថត​មួយ​សន្លឹក ដែល​យើង​បានឃើញ​នេះ អាច​បង្ហាញ​ពី​កាលបរិច្ឆេទ នៃ​អតីតកាល​ដ៏​ឈឺ ចាប់​មួយ ដែល​ខណៈនោះ នៅ​ទូទាំង​កម្ពុជា កំពុង​វឹកវរ​ក្នុងពេល​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ទើប​ត្រូវបាន​ផ្តួលរំលំ ហើយ​ស្ត្រី​រូបនេះ ត្រូវបាន​ជម្លៀស​ទៅកាន់​ប្រទេស​ទី​៣ ឆ្លងកាត់​តាម​ប្រទេស ថៃ​។

​បើតាម​ការផ្សព្វផ្សាយ​ពី​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បាន​ចែកចាយ បន្ត​គ្នា​នូវ រូបថត និង​ព័ត៌មាន​ស្តីពី​ស្ត្រី​បីកូន​រត់គេច​ពី​សង្គ្រាម​ក្នុងអំឡុង​ឆ្នាំ​១៩៧៩ ក្នុង​ឈុត​សំលៀកបំពាក់ ពណ៌​ខ្មៅ បីកូន​តូច​ក្នុង​ដៃ​ម្នាក់ និង​ឈរ​អមដោយ​កូនប្រុស ស្រី ក្នុង​អាកា​រៈ​ស្លេកស្លាំង​ស្គមស្គាំង ដែល​មើលទៅ​គួរ​ឲ្យ​សង្វេគ​នោះ បានធ្វើ​ឲ្យ​ពិភពលោក​ចាប់អារម្មណ៍​ជាខ្លាំង ក្រោយពី​រូបថត​នេះ ត្រូវបាន​ត្រូវ គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ រួម​និង​រូបសំណាក​ថ្ម​មួយ​ផ្ទាំង ដែល​គេ​បាន​ឆ្លាក់​តាម លំនាំ​រូបថត និង ដាក់​តាំងនៅ​សួន​សាធារណៈ​មួយ​នៅ​ប្រទេស​បារាំង ដើម្បី​រំលឹក​ពី​អនុស្សាវរីយ៍ នៃ​ការចងចាំ​ដ៏​ឈឺចាប់ ក្នុង​របប​វាលពិឃាត​របស់ ប៉ុល ពត​។ រូបសំណាក​នេះ បង្ហាញ ពី​ទុក្ខសោក នៃ​ស្ត្រី និង​កុមារ កម្ពុជា​ដែល​រងគ្រោះ​ដោយសារ​របប​ប្រល័យពូជសាសន៍ ប៉ុលពត និង រងគ្រោះ ដោយសារ​ភ្លើងសង្គ្រាម​ផ្ទៃក្នុង​រ៉ាំរ៉ៃ នៅ​ប្រទេស​កម្ពុជា​ផងដែរ​។​

​យ៉ាងណាក៏ដោយ នៅមុន​ពេលដែល​មានកា​រ​ផ្សព្វផ្សាយ​ថា ស្ត្រី​ខាងលើនេះ​បានទទួល មរណភាព មាន​មជ្ឈដ្ឋាន​ជាច្រើន​នៅតែ​មិនទាន់​បានដឹង​ច្បាស់​ថា គាត់​កំពុង​រស់នៅ​ទីណា​ឲ្យ​ពិត ប្រាកដ​នោះឡើយ ហើយក៏​គ្មាន​ប្រភព​ណាមួយ​ចេញមក​បង្ហាញ​រៀបរាប់​ពី​ជីវិត​ពិត​របស់គាត់ នៅ មុន និង​ក្រោយពេល​បាន​ចាក​ចេញពី​កម្ពុជា ទៅដល់​ប្រទេស​បារាំង​នោះដែរ​។​

​បើតាម​ហ្វេ​ស​ប៊ុ​ក ស្ត្រី​វ័យ​ចំណាស់​រូបនោះ​ឈ្មោះ តោង អូន (​ថោង អូន​)​កើត​ក្នុង​ឆ្នាំ ១៩៣២ (១-​កក្កដា ១៩៣២)​នៅក្នុង​រាជធានី​ភ្នំពេញ​។ គាត់​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ លោក ថោង សំ និង​មានកូន​ចំនួន ៥​នាក់ ប្រុស​៤ ស្រី​១​។​
​នៅក្នុង​របប​គុក​ឥត​ជញ្ជាំង​នៃ​បន​ប្រល័យពូជសាសន៍ ពុល ពត លោកស្រី បាន​ទទួលរង​ទុក្ខ វេទនា ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ក្នុងសម័យ​នោះដែរ​។ លុះដល់​ឆ្នាំ​១៩៧៩ រូបគាត់ និង​កូនៗ បាន​រត់​ភៀសខ្លួន​ជាមួយ​ស្វាមី ទៅ​ជ្រកកោន​ក្នង​ជំរុំ​តាម​ព្រំដែន​ថៃ ជាប់​ព្រំដែន​ប្រទេស​កម្ពុជា ក្នុង ឋានៈ​ជា​ជនភៀសខ្លួន ហើយ​បន្ទាប់មក​ត្រូវបាន​បញ្ជូនទៅ​រស់នៅ​ប្រទេស​បារាំង​រហូតមក​។​

​ប្រភព​ដដែល​បង្ហាញថា កូនប្រុស​តូច​ដែល​បី​នៅក្នុង​ដៃ​ឈ្មោះ តោង សំណាង បច្ចុប្បន្ន​មាន អាយុ ៣៩​ឆ្នាំ រស់នៅ​ប្រទេស​បារាំង​, ក្មេងស្រី ដែល​ឈរ​នៅ​ខាងឆ្វេង​ដៃ ឈ្មោះ តោង សុភាព មាន​អាយុ ៤២ ឆ្នាំ រស់នៅ​ប្រទេស​បារាំង ,​ក្មេងប្រុស​ឈរ​នៅ​ខាងស្ដាំ​ដៃ ឈ្មោះ តោង សារឿន មាន​អាយុ ៤៧ ឆ្នាំ រស់នៅ​ប្រទេស​បារាំង​ជាមួយគ្នា​៕