ក្រុមអធិការកិច្ច​ នឹង​ចុះ​ស្រាវជ្រាវ​ករណី​មេ​ប៉េ​អឺ​ម​ខេត្តកំពង់ស្ពឺ​ស៊ីដាច់​លុយ​កូនចៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 September, 2018 ក+ ក-

​ខេត្តកំពង់ស្ពឺ ៖ កាសែត​ក្នុងស្រុក​ជាច្រើន​ផ្សាយ​រឿង​បែកធ្លាយ​ករណី​លោក ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ស៊ីដាច់​លុយ​មន្ត្រី​ការពារ​ការបោះឆ្នោត និង​អង្ករ​របស់​តំណាងរាស្ត្រ​រួចមក​នោះ ថ្នាក់លើ​នៃ​ស្ថាប័ន​នេះ បានដាក់​ការស៊ើបអង្កេត​ហើយ​។​

​មន្ត្រី​អាវុធហត្ថ​ខេត្ត​ម្នាក់ បាន​បង្ហើប​អោយដឹង​នៅ​រសៀល​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​ថា ក្រុមអធិការកិច្ច បានកំណត់​ថ្ងៃ​ចុះមក​ធ្វើការ​ហើយ (​គណៈ​កម្ម​ចំពោះ​កិច្ច​) ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស សំបូរ​ធន ដេ​ល​គ្រោង​នឹង​ចុះមក​ធ្វើការ​អធិការកិច្ច​នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨​ខាងមុខនេះ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ផ្ទាល់​តែម្តង​។​
​មន្ត្រី​អាវុធហត្ថ​ដដែល​បន្តថា ការចុះ​អធិការកិច្ច​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត នេះ ក្រោយពី​បែកធ្លាយ​នូវ​ព័ត៌មាន​ស្តីពី​ភាពមិនប្រក្រតី​មួយចំនួន ដែល​បាន​ចោទប្រកាន់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ករណី​ស៊ីដាច់​លុយ​ការពារ របស់​មន្ត្រីក្រោមឱវាទ និង​អង្ករ​របស់​តំណាងរាស្ត្រ មណ្ឌល​កំពង់ស្ពឺ កន្លងទៅ​។​
​ប្រភព​បាន​បន្ថែមទៀត​ថា ការ​បែកធ្លាយ​នេះ ត្រូវបាន​ទម្លាយ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ជាច្រើន និង​បាន​លេចឮ​ដល់​ថ្នាក់លើ រហូតដល់​ដាក់​ការស៊ើបអង្កេត​តែម្តង​។​មិនដឹងថា លោក​មេបញ្ជាការ​ខេត្ត បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ដែរ​ឬ​យ៉ាងណា​នោះទេ ខណៈដែល​អ្នកខ្លះ​បានទទួល​លុយ និង​អ្នក​ខ្លះទៀត​មិនបាន​ទទួល​លុយ​នោះ​មួយ​រៀល​សោះ​។​

​ក្រៅពី​ការរិះគន់​ដូច​ខាង​ល​នេះ លោក ជូ សារុន ក៏ត្រូវ​រង​ការរិះគន់​ដែរ​ថា បានដាក់​សាច់ញាតិ​ម្នាក់ ដែល​មកពី​ខេត្តកោះកុង ជាមួយគ្នា​អោយទៅ​កាន់​ជា​មេបញ្ជាការរង​ក្រុង​ច្បារមន​ផងដែរ​។ ប្រភព​បាន​បន្តទៀតថា លើសពីនេះ​ទៀត គាត់​បាន​បញ្ជូន​ប្អូនប្រុស​របស់គាត់​ម្នាក់ទៀត អោយទៅ​ដាក់កុង​ត្រូល​ដេកចាំ​យកលុយ​ពីបទ​ល្មើស​ផ្សេងៗ នៅ​ចំណុច​ភ្នំ​តូច ព្រំប្រទល់​ស្រុក​ឱ​រ៉ា​ល់ និង​ស្រុក​ថ្ពង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ដើម្បី​ចាំ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹក​បទល្មើស​ព្រៃឈើ​យ៉ា​អនាធិបតេយ្យ​។ ដោយឡែក ខាង​ផ្លូវជាតិ​លេខ​៥ ស្នាក់ការ​សន្តិសុខ​៥៥១ ឯណោះ​វិញ លោក ជូ សារុន បានដាក់​លោក​វរសេនីយ៍ទោ គង់ វាសនា ដែលមាន​រហ័ស្ស​នាម​ថា មហាមេឃ​កំពុង​ធ្វើ​ព្យុះ​ធ្វើ ភ្លៀង​សម្បើម​ខ្លាំងណាស់ ដូចជា​ដេញចាប់​ឡាន​ដឹក​បទល្មើស​នានា ដែល​ឆ្លងកាត់​ស្នាក់ការ​សន្តិសុខ ដោយ​កៀបសង្កត់​យកលុយ​មិន​ប្រណី​ដៃ​ឡើយ​។​

​ថ្មីៗ​នេះ​ទៀត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន បាន​ស៊ីដាច់​អង្ករ​ឧបត្ថម្ភ​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ ដែល​បាន​ផ្តល់ជូន​មន្ត្រី​កងកម្លាំង​អាវុធហត្ថ រួម​និង​ស៊ីដាច់​លុយ​ឧបត្ថម្ភ​ការការពារ​ពេល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ រាប់លាន​រៀល ផងដែរ​។

​ប្រភព​មួយ​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា​​រឿង​ស៊ីដាច់​លុយ​ការពារ​បោះឆ្នោត​នេះ បើក​ឲ្យ​តែ​សាច់ញាតិ និង​ជា​ខ្សែស្រឡាយ​ជិតស្និទ្ធ​របស់លោក ជូ សារុន និង​បើក​បាន​គ្រប់​ចំនួន​ទៀតផង ក្រៅពីនោះ មិនបាន​ទទួល​ឡើយ ៕

​ទាក់ទង​នឹង​ការរិះគន់ ខាងលើនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន បាន​ឆ្លើយតប​យ៉ាងខ្លី​តាម​ប្រ​ព័​ន្ឋ វ័ត​អាប់ ថា “​វា​ជា​រឿង​មិន​ពិត​នោះទេ ហើយ​លោក​ក៏​មិនបាន​ប្រព្រឹត្ត​ដូច​ការលើកឡើង​ខាងលើ​របស់​មន្ត្រី​មួយចំនួន​នោះដែរ​។​

​មន្ត្រី​អាវុធហត្ថ​មួយចំនួន បានស្នើ​សុំ​ឲ្យ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេត្តាជួយ ពិនិត្យមើល​ទង្វើ​របស់​លោក ជូ សារុន ដើម្បី​ផ្តល់​យុត្តិធម៌​ផង ហើយ​ស​ង្ឍឹ​ម​ថា នៅ​ថ្ងៃទី​១ តុលា ខាងមុខនេះ ក្រុមអធិការកិច្ច នឹង​រកឃើញ​ការពិតជា​មិនខានឡើយ​៕