គ​.​ជ​.​ប​.​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត​ថ្មីនៅ​ដើមខែ​តុលា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 September, 2018 ក+ ក-

​ ​គ​.​ជ​.​ប ជូនដំណឹង​ថា ប្រជាពលរដ្ឋ​អាច​ចាប់ផ្តើម​ទៅពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត នៅតាម សាលាឃុំ សង្កាត់​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​។​ក្នុងករណី ដែល​ពិនិត្យឃើញ​មាន​កំហុសឆ្គង​ណាមួយ​ពលរដ្ឋ​អាច​ស្នើសុំ​ឲ្យ​មានការ​កែតម្រូវ​ដោយ យោងតាម​ឯកសារ​សំអាង​ច្បាស់លាស់​។​

​គ​.​ជ​.​ប ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត ប្រញាប់​ទៅ​ចុះឈ្មោះ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៨ ខែតុលា ខាងមុខ នៅតាម​ឃុំ​សង្កាត់​ដែល​ខ្លួន​កំពុង​រស់នៅ​។​

​គួរ​បញ្ជាក់ថា នៅក្រោយ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​កន្លងទៅ គ​.​ជ​.​ប បាន លុបឈ្មោះ​ពលរដ្ឋ​ចំនួន ៩៥.៩២៨​នាក់​។ លោក សោម សូ​រី​ដា បញ្ជាក់ថា មូលហេតុ​ដែល គ​.​ជ​.​ប សម្រេច​លុបឈ្មោះ ដោយសារតែ​មួយចំនួន បានទទួល​មរណភាព មួយចំនួន​ត្រូវបាន​ដកហូត​នូវ​សិទ្ធិ​បោះឆ្នោត​ជា​បណ្តោះអាសន្ន ឬ​ផ្លាស់​ទីលំនៅ​៕