​បញ្ជូន​ជនល្មើស​អ៊ីនធឺណិត​ជនជាតិ​ចិន​ជាង​១០៣​នាក់ ទៅ​ប្រទេស​ចិន​វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 October, 2018 ក+ ក-

​ភ្នំពេញ ៖ លោក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ក្រសួងមហាផ្ទៃ​បាន បញ្ជាក់​នៅ​ថ្ងៃទី​២ តុលា នេះ​ថា ជនជាតិ​ចិន​ចំនួន​១០៣​នាក់ ត្រូវបាន​ឃាត់​ខ្កួ​ន​កាលពី​សប្តាហ៍​មុន ពាក់ព័ន្ធ​នឹង​បទល្មើស​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក្នុងនោះ​មាន​១២​នាក់ គឺ​ពួកគេ បាន ប្រព្រឹត្ត​បទល្មើស​នៅ​ប្រទេស​ចិន ហើយ​មក​សំងំ​លាក់ខ្លួន​នៅ​រាជធានី​ភ្នំពេញ និង​៩១​នាក់​ទៀត បាន​ប្រើប្រាស់​ទឹកដី​កម្ពុជា​ដើម្បី​ប្រព្រឹត្ត​បទល្មើស​។​

​លោក អ៊ុក ហៃ​សីឡា បញ្ជាក់ថា គិត​មកដល់ពេលនេះ មាន​ជនជាតិ​ចិន​ជិត ២​ពាន់​នាក់ ហើយ ដែល​ប្រព្រឹត្តិ​បទល្មើស និង​បញ្ជូនទៅ​ប្រទេស​ចិន​វិញ​។​ដោយឡែក ក្នុងចំណោម​ជនជាតិ​ចិន ចំនួន​១០៣​នាក់ ដែល​បាន​ឃាត់ខ្លួន​នោះ មាន​ចំនួន ៩១​នាក់ ពាក់ព័ន្ធ​ការយក​កម្ពុជា​ធ្វើជា​ទីតាំង​ដើម្បី​ជម្រិត​ទារប្រាក់​ពី​ជន​ជាតិចិន​ដូចគ្នា​ដែល​កំពុង​រស់នៅ​ប្រទេស​ចិន​។ លោក ថា ជនជាតិ​ចិន ទាំង​១០៣ នាក់​នោះ នឹងត្រូវ​បញ្ជូន​ចេញពី​រាជធានី​ភ្នំពេញ តាមរយៈ​យន្តហោះ​ដែល​រដ្ឋាភិបាល​ចិន​បញ្ជូនមក​ទទួល​ដឹក​ចេញ​យកទៅ នៅ​យប់​ថ្ងៃទី​៤ និង​ថ្ងៃទី​១០ ខែតុលា ខាងមុខនេះ​៕