ក្រសួងការពារជាតិប្រកាសជ្រើសរើសទាហានថ្មីចំនួន ៦៨០នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2018 ក+ ក-

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានប្រកាសប្រឡងជ្រើសរើសទាហានថ្មី ៦៨០នាក់ ដើម្បីបំពេញកន្លែងខ្វះខាតក្នុងបំណងពង្រឹងកិច្ចការពារបូរណភាពទឹកដីសន្តិភាព និងសេចក្តីសុខរបស់ពលរដ្ឋ។

យោងតាមសេចក្តីប្រកាសចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ ភួង ស៊ីផាន អនុរដ្ឋលេខាធិការក្រសួងការពារជាតិនៅថ្ងៃទី២៦ ខែកញ្ញា បានបញ្ជាក់ពីការសម្រេចជ្រើសរើសវគ្គនាយទាហានសកម្មជំនាន់ទី២៣ នាយទាហានទ័ពជើងគោកជំនាន់ទី១១ នាយទាហានបន្តវេនជំនាន់ទី១២ និងនាយទាហានជំនាញបច្ចេកទេសយោធាផ្សេងទៀត។

សូមជម្រាបថា ការជ្រើសរើសទាហានថ្មីតាមរយៈការប្រឡងនេះ នឹងបើកទទួលពាក្យសុំប្រឡងចាប់ពីថ្ងៃទី១៦ ខែតុលា ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៨ នៅសាកលវិទ្យាល័យការពារជាតិនិងនៅយោធភូមិភាគទី១ ទី២ ទី៣ ទី៤ និងទី៥៕