អ្នកទោសមានលុយ នឹងឃុំខ្លួនក្នុង បន្ទប់ទំនើបនៅពន្ធនាគារ ព្រៃស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2018 ក+ ក-

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ សន កែវ អ្នកនាំពាក្យពន្ធនាគារនៃអគ្គនាយកដ្ឋានពន្ធនាគារបានប្រាប់អ្នកកាសែតថា បើគ្មានការប្រែប្រួលទេ អគារវិនិយោគដោយក្រុមហ៊ុនក្នុងស្រុកមួយ មានកម្ពស់ ៣ជាន់ដែលកំពុងសាងសង់ក្នុងបរិវេណពន្ធនាគារព្រៃ ស អាចនឹងបញ្ចប់នៅចុងឆ្នាំ២០១៨ នេះ។ លោកថា អគារថ្មីនេះ សម្រាប់ដាក់ជនជាប់ឃុំដែលមានលទ្ធភាពបង់ប្រាក់ គឺមិនសម្រាប់ដាក់អ្នកជាប់ឃុំទូទៅនោះទេ។

សារព័ត៌មានក្នុងស្រុកធ្លាប់បានរាយការណ៍ថា សំណង់អគារពន្ធនាគារនេះ វិនិយោគដោយក្រុមហ៊ុនឈ្មោះ គន្ធរីខុន ហូលឌីង លើផ្ទៃដីជាង ១ហិកតា មានទំហំទឹកប្រាក់ជាង៤លាន ដុល្លារអាមេរិក ដោយបានចាប់បើកការដ្ឋានសាងសង់កាលពី ខែឧសភា ឆ្នាំមុន។
លោកឧត្ដមសេនីយ៍ សន កែវ បានបញ្ជាក់ថា កន្លែងនេះ សម្រាប់ដាក់អ្នកជាប់ឃុំណាដែលមានលទ្ធភាពបង់លុយ ដើម្បីបានទៅស្នាក់នៅកន្លែងនោះ។ ប៉ុន្តែការគ្រប់គ្រង គឺតាមស្តង់ដារពន្ធនាគារតែមួយ អត់មានស្តង់ដារ២ទេ។

បើទោះជាមានការពន្យល់យ៉ាងនេះក្តី ក៏មជ្ឈដ្ឋានមួយចំនួនបានយល់ថា ហាក់ដូចជាមាន ទម្រង់មួយដែលបែងចែកវណ្ណៈអ្នកទោសដូចគ្នា ឬលើកទឹកចិត្តឲ្យអ្នកមានលុយហ៊ានប្រព្រឹត្តអ្វីៗ ដោយមិនឲ្យខ្លាចមានទោសទណ្ឌ ព្រោះបើទោះបីជាជាប់ឃុំ ក៏នៅក្នុងបន្ទប់ដែលពោរពេញដោយ ផាសុកភាពដែរ៕

(ពិធីក្រុងពាលីសង់អគារឃុំឃាំងទំនើបក្នុងពន្ធនាគារព្រៃសនាពេលកន្លងមក)