នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប នៅ​ប៊ែ​ល​ហ្ស៊ិ​ក ក្នុង​សប្តាហ៍​នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 October, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM)​លើក​ទី​១២​ដែល​រៀបចំ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ពីថ្ងៃ​ទី​១៨​ដល់​ថ្ងៃទី​១៩ ខែតុលា​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​(ASEM) លើក​ទី​១២ នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ​«​អឺរ៉ុប និង​អាស៊ី​៖ ដៃគូ​សកល​សម្រាប់​បញ្ហា​ប្រឈម​សកល​» ក្នុង​បំណង​ពង្រឹង​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​តំបន់​អាស៊ី និង​អឺរ៉ុប​។​

​ក្នុងឱកាស​ស្នាក់នៅ​ប្រទេស​បែលហ្ស៊ិក សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា នឹងមាន​ជំនួប​ទ្វេភាគី​ជា​ច្រើ​ដូចជា ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​រុស្ស៊ី​, នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ហុង​ហ្គ្រី​,​នាយករដ្ឋមន្ត្រី​ន័​រ វេស​, នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឆែក និង​ក៏មាន​ការជួប​សំណេះសំណាល​ជាមួយ​សមាជិក​សហគម​ន៍​ខ្មែរ និង​សិស្ស និស្សិត​ខ្មែរ ដែល​កំពុង​រស់នៅ និង​សិក្សា​នៅ​ប្រទេស​បែលហ្ស៊ិក​ផងដែរ​៕