ទំនាស់​ក្នុងពេល​ផឹកស៊ី កាប់​ស្លាប់​បុរស​៣​នាក់ ឳ​ពុក និង​កូន នៅ​ស្រុក​បាធាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 October, 2018 ក+ ក-

​ខេត្តកំពង់ចាម ៖ បុរស​៣​នាក់​ដែល​ត្រូវជា​ឳ​ពុក និង​កូន ត្រូវបាន​បុរស​ម្នា​ក់កាប់​ស្លាប់​ជា​បន្តបន្ទាប់ ដោយសារ​ទាស់​ពាក្យសំដី​ពេល​ផឹកស៊ី​ជុំគ្នា​នៅក្នុង​ផ្ទះ​របស់​ជនដៃដល់ កាលពី​វេលា​ម៉ោង​១៧ និង​៣០​នាទី ព្រលប់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ថ្មកែវ ឃុំ​ត្រប់ ស្រុក​បាធាយ ខេត្តកំពង់ចាម​។​

​តាម​របាយការណ៍​សម​ត្ថ​កិច្ច​បាន​ឲ្យ​ដឹងថា ជនដៃដល់​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​ភ្លាមៗ នៅក្រោយពេល​កើតហេតុ មានឈ្មោះ ឯម ភឿង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មកែវ ឃុំ​ត្រប់ ស្រុក​បាធាយ ខេត្តកំពង់ចាម (​កន្លែងកើតហេតុ​) រួម​នឹង​វត្ថុតាង​កាំបិត​ខ្វែវ​មួយ ។ ចំណែក ជនរងគ្រោះ រួមមាន​ទី​១ ឈ្មោះ នី ណុន ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ​។ ទី​២ ឈ្មោះ ណុន ឆ​វ័ន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ និង​ទី​៣ ឈ្មោះ ណុន វី ភេទ​ប្រុស អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ជាមួយ គ្នា​នឹង​ជនសង្ស័យ​ដែរ​។​

​តាម​ព័ត៌មាន​ដែល​ទទួលបាន​ពី​សមត្ថកិច្ច​ ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនដៃដល់​ឈ្មោះ ឯម ភឿង និង​ជនរងគ្រោះ​ឈ្មោះ ណុន វី បាន​ផឹកស៊ី​ជាមួយគ្នា​នៅ​នឹង​ផ្ទះ​ឈ្មោះ ឯម ភឿង ។ មួយសន្ទុះ​ក្រោយមក ក៏មាន​ទំនាស់​ពាក្យសំដី តែមិនដឹងថាបណ្តាលមកពីរឿងហេតុអ្វីនោះទេ ហើយ​ឈ្មោះ ឯម ភឿង ក៏​ស្ទុះ​ចូលទៅក្នុង​ផ្ទះ​យក​កា​បិត​ខ្វែវ​របស់ខ្លួន​មក​កាប់​ឈ្មោះ ណុន វី បណ្តាល​ឲ្យ​រងរបួស តែ​តិចតួច​ទេ​។ ភ្លាមនោះ​ជនរងគ្រោះ​ឈ្មោះ ណុន វី ក៏​និយាយថា មិន​អី​ទេ​ប៉ុណ្ណឹង ហើយក៏​ដើរចេញ​ទៅផ្ទះ​របស់ខ្លួន​បាត់​។​

​ប្រភព​ដដែល​បន្តថា មួយសន្ទុះ​ក្រោយមក​ក្រុម​ជនរងគ្រោះ​ឈ្មោះ ណុន វី ក៏​ត្រឡប់មកវិញ​រួម​និង ឈ្មោះ នី ណុន និង​ឈ្មោះ ណុន ឆ​វ័ន ដែល​ត្រូវជា​ឪពុក និង​ប្អូន​របស់ខ្លួន​ មក​ផ្ទះ​ឈ្មោះ ឯម ភឿង ម្តងទៀត ដោយមាន​កាន់​ពូថៅ និង​ដំបង​ជាប់​នឹង​ដៃ​មកជា​មួយ​ផង​។ ពេលនោះ​ការឈ្លោះប្រកែក​បាន​ផ្ទុះឡើង ហើយ​ឈ្មោះ ឯម ភឿង ក៏​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​អ្នក​ទាំងបី​បណ្តាល​ឲ្យ​រងរបួស​ដេក​ដួល ហើយ​ស្លាប់​នៅ​ហ្នឹ​កន្លែងកើតហេតុ​ចំនួន​ពីរ​នាក់ គឺ​ឈ្មោះ នី ណុន និង​ឈ្មោះ ណុន ឆ​វ័ន ចំណែក​ឈ្មោះ ណុន វី បាន​ស្លាប់​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​ស្រុក​បាធាយ​។​

​ជនសង្ស័យ​ឈ្មោះ ឯម ភឿង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល និង​បាន​បំពេញ​សំណុំ​ឯកសារ ដើម្បី​បញ្ជូន​បន្តទៅ​តុលាការ​តាម​នីតិវិធី​៕