កម្ពុជា នឹងធ្វើ​​សមយុទ្ធលំហាត់​សង្គ្រោះ​ពេល​យន្តហោះ​ជួប​ឧបទ្ទវហេតុ​ផ្សេងៗ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 October, 2018 ក+ ក-

​ភ្នំពេញ ៖ កម្ពុជា នឹង​រៀបចំ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ ដើម្បី​ធ្វើ​លំ​ហាត់​សង្គ្រោះ ក្នុងករណី​យន្តហោះ​ជួប​ឧបទ្ទវហេតុ​ផ្សេងៗ នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ កងកេង ខេត្ត​ព្រះសីហនុ​។ ជាមួយនេះ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​អំពាវនាវ​សូមកុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ និង​ភ័នច្រឡំ​ទៅនឹង​សភាពការណ៍​អសន្តិសុខ​។

​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​បញ្ជាក់ថា អាកាសចរ​ស៊ីវិល និង​សហការ​ជាមួយ​អាជ្ញាធរខេត្ត​ព្រះសីហនុ នឹង​រៀបចំ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​លើក​ទី​២ ដើម្បី​សង្គ្រោះ​យន្តហោះ​ពេល​មាន​ជួប​ឧបទ្ទវហេតុ នៅ​ព្រលានយន្តហោះ​អន្តរជាតិ (​កងកេង​) ខេត្ត​ព្រះសីហនុ ។ ការរៀបចំ​ធ្វើ​សមយុទ្ធ​ជា​ទ្រង់ទ្រាយ​ធំ​នេះ អាកាសចរណ៍​ស៊ីវិល​សំណូមពរ​ឲ្យ​គ្រប់​ស្ថាប័ន អង្គភាព​ជំនាញ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ចូលរួម​សហការគ្នា ដើម្បី​ជួយសង្គ្រោះ​ក្នុងករណី​កើតមាន​ឧបទ្ទវហេតុ​យន្តហោះ​ធ្លាក់​ជាយថាហេតុ​។

​សូមជម្រាបថា ក្នុង​លំ​ហាត់​សមយុទ្ធ​នេះ នឹងមាន​សកម្មភាព​ដូចជា​ការចេញដំណើរ​រ​បស់​រថយន្ត​ពេទ្យ​សង្គ្រោះ​មាន​បន្លឺសម្លេង​ស៊ី​រ៉ែ​ន​ខ្លាំង ពី​គ្រប់​មន្ទីរពេទ្យ​រដ្ឋ គ្លីនិក​ឯកជន មណ្ឌល​សុខភាព និង​ពី​គ្រប់​ទីបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ ដែលមាន​ទីតាំងនៅ​ជិត​កន្លែងកើតហេតុ​, ការចេញដំណើរ​របស់​រថយន្ត​កងទ័ព​ដឹកជញ្ជូន​កម្លាំង​សង្គ្រោះ និង​សកម្មភាព​ដឹកជញ្ជូន​ជនរងគ្រោះ (​សិប្បនិម្មិត​) ទៅកាន់​គោលដៅ​សង្គ្រោះ​..​។​ល​។​
​ដោយសារ មាន​សកម្មភាព​ដូចនេះ អាជ្ញាធរ បានប្រកាស​អំពាវនាវ សូមកុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល ឬ​យល់ច្រឡំ​ចំពោះ​ព្រឹត្តិការណ៍​សមយុទ្ធ​នេះ​៕ ដោយ ៖ ភិ​រ៉ា​ន​