កម្ពុជា បញ្ជូន​ជនជាតិ​ចិន​ប្រព្រឹត្ត​បទល្មើស​៩១​នាក់ ទៅ​ប្រទេស​ចិន​វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 October, 2018 ក+ ក-

​ភ្នំពេញ ៖ ជនជាតិ​ចិន​ចំនួន​៩១​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​២១​នាក់ ត្រូវបាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ រួមសហការ​ជាមួយ​សមត្ថកិច្ច​ប្រទេស​ចិន ចាប់បញ្ជូន​ឲ្យ​វិលត្រឡប់​ទៅ​ប្រទេស​ដើម​វិញ នា​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​រកឃើញថា ជនជាតិ​ចិន​ទាំងនោះ​ចូលមក​ស្នាក់នៅ​ដោយ​ខុសច្បាប់ និង​មួយចំនួនទៀត​ប្រព្រឹត្ត​បទល្មើស រក​ស៊ី​ដោយ​ខុសច្បាប់ ហើយ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​ចាប់ខ្លួនបាន​កន្លងមក ។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ ក្រោម​ការចាត់ចែង​ដោយ​កម្លាំង​នគរបាល នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដែល​ធ្វើឡើង​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បន្ទាប់ពី​ជនជាតិ​ចិន​ទាំងនោះ ប្រព្រឹត្ត​បទល្មើស មករក​ស៊ី​នៅ​កម្ពុជា​ដោយ​ខុសច្បាប់ ជំរឹត​ទារប្រាក់ ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន កាលពីពេល​ថ្មីៗ​នេះ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ថ្លែងប្រាប់​ក្រុម​អ្នកយកព័ត៌មាន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា ជនជាតិ​ចិន​ទាំង​៩១​នាក់ ស្រី​២១​នាក់ ដែល​ត្រូវ​បណ្តេញចេញ​នៅថ្ងៃនេះ គឺ​ពួកគេ​ជាប់​ពាក់ព័ន្ធ​ករណី គម្រាមកំហែង ជំរឹត​ទារប្រាក់ ប្រព្រឹត្ត​បទល្មើស​ផ្ទុយ​ពី​ច្បាប់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ត្រូវបាន សមត្ថកិច្ច​ជំនាញ​បង្ក្រាប​ចាប់ខ្លួន​កន្លងមក​នៅក្នុង​ខេត្តកំពត ។​

​លោក​ប្រធាន​នាយកដ្ឋាន​បញ្ជាក់ថា យើង​បាន​សហការគ្នាជាមួយ​ស​ម​ត្ថ​កិច្ច​ចិន​ក្នុងការ បញ្ជូន​ជនល្មើស​ឲ្យ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ស្របតាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង ជាមួយ​ប្រទេស​ទាំងពីរ តាម​ជើងយន្តហោះ របស់​ប្រទេស​ចិន នា​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ សរុប​ចំនួន​៩១​នាក់ ស្រី​២១​នាក់ ៕ ដោយ ៖ សា​វី​